លូកា 3:8-11
លូកា 3:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។ មហាជនសួរលោកថា៖ «ដូច្នេះ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅវិញ?» លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។
លូកា 3:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។
លូកា 3:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ បណ្តាមនុស្សក៏សួរគាត់ថា តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ