លូកា 3:7-22
លូកា 3:7-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។ មហាជនសួរលោកថា៖ «ដូច្នេះ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅវិញ?» លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។ ពួកអ្នកទារពន្ធក៏បានមកទទួលពិធីជ្រមុជទឹកដែរ ហើយគេសួរលោកថា៖ «លោកគ្រូ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅ?» លោកមានប្រសាសន៍ទៅគេថា៖ «កុំទារពន្ធហួសកម្រិតដែលបានកំណត់មកឡើយ»។ ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។ កាលប្រជាជននៅតែចាំមើល ហើយមនុស្សទាំងអស់ក៏ឆ្ងល់ក្នុងចិត្តពីយ៉ូហានថា គាត់ប្រហែលជាព្រះគ្រីស្ទទេដឹង នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្តែ មានព្រះមួយអង្គដែលមានអំណាចខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ ខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង។ ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ព្រះអង្គកាន់ចង្អេរនៅព្រះហស្ត ដើម្បីបោសរំលីងទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវមកដាក់ក្នុងជង្រុក តែអង្កាមព្រះអង្គនឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ»។ ដូច្នេះ លោកក៏បានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើន។ ប៉ុន្តែ កាលលោកបានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជរបស់ព្រះអង្គ និងពីគ្រប់ទាំងការអាក្រក់ដែលព្រះបាទហេរ៉ូឌបានធ្វើ នោះទ្រង់បានបន្ថែមការនេះមួយទៀត ដោយចាប់យ៉ូហានដាក់គុក។ កាលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជរួច ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹករួចហើយដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើព្រះអង្គ មានរូបរាងដូចសត្វព្រាប។ មានសំឡេងមួយចេញពីលើមេឃមកថា៖ «អ្នកជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់» ។
លូកា 3:7-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ? ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។ ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ត*!។ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះស្ដេចបានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ស្ដេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
លូកា 3:7-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្ដីក្រោធ ដែលត្រូវមកដូច្នេះ បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ បណ្តាមនុស្សក៏សួរគាត់ថា តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យទារពន្ធហួសកំរិតដែលបានកំណត់មកឡើយ ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្ដីជាច្រើនទៀតដែរ ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។ លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។