លូកា 24:44-53
លូកា 24:44-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។ ពេលនោះ ព្រះអង្គក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល៍! ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា។ ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម រហូតដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា»។ ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។ កំពុងដែលព្រះអង្គប្រទានពរ នោះព្រះវរបិតាបានញែកព្រះអង្គចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ។ គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ហើយពួកគេនៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ និងលើកតម្កើងព្រះ។ អាម៉ែន។:៚
លូកា 24:44-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ*របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី* និងក្នុងគម្ពីរទំនុកតម្កើង * ត្រូវតែកើតមាន»។ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឲ្យយល់អត្ថន័យគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ត*ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធានុភាព»។ បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេតថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ*។ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលុប។ គេនៅក្នុងព្រះវិហារ* ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។
លូកា 24:44-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏មានបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល ខ្ញុំនឹងឲ្យសេចក្ដីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។ នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើងប្រទានពរឲ្យ កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ក៏នៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ ហើយលើកដំកើងព្រះ។ អាម៉ែន។:៚