លូកា 24:1-32

លូកា 24:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ ពេល​ភ្លឺ​ស្រាងៗ គេ​បាន​យក​គ្រឿង​ក្រអូប ដែល​បាន​រៀបចំ​ជា​ស្រេច​នោះ នាំ​គ្នា​ទៅ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ។ គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ តែ​ពេល​ចូល​ទៅ​ដល់ គេ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​សោះ។ កំពុង​ដែល​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែង​ចាំង ឈរ​នៅ​ជិត​គេ។ គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី តែ​បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ? ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះ‌អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ​ថា "កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​បាប ត្រូវ​គេ​ឆ្កាង ហើយ​នៅ​ថ្ងៃ​ទីបី​នឹង​រស់​ឡើង​វិញ"» ។ ពេល​នោះ គេ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​វិល​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​អ្នក​ទាំង​ដប់​មួយ និង​អ្នក​ផ្សេង​ៗ​ទៀត​ដែរ។ រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​ពួក​សាវក គឺម៉ារា អ្នក​ស្រុក​ម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជា​ម្តាយ​យ៉ាកុប​មួយ និង​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង។ ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សម្ដី​របស់​ស្រ្តី មើល​ទៅ​ដូច​មិន​បាន​ការ។ ពេត្រុស​ក្រោក​ឡើង រត់​ទៅ​ឯ​ផ្នូរ ហើយ​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់​ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​វិញ ដោយ​អស្ចារ្យ​ក្នុង​ចិត្ត ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។ នៅ​ថ្ងៃ​នោះ មាន​ពួក​សិស្ស​ពីរ​នាក់​កំពុង​តែ​ដើរ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ដប់​មួយ​គីឡូ‌ម៉ែត្រ ពី​ក្រុង​យេរូ‌សាឡិម។ គេ​កំពុង​តែ​និយាយ​គ្នា ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើងនោះ។ ពេល​គេ​កំពុង​តែ​និយាយ​គ្នា និង​រិះ​គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​គេ​ដែរ។ តែ​ភ្នែក​គេ​មិន​អាច​មើល​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​និយាយ​គ្នា​ពី​រឿង​អ្វី ទាំង​ដើរ​បណ្តើរ និយាយ​គ្នា​បណ្ដើរ​ដូច្នេះ?» គេ​ក៏​ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស​ឆ្លើយ​ថា៖ «តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ បាន​ជា​មិន​ដឹងហេតុ‌ការណ៍​ដែល​កើត​ឡើង ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​នេះ?» ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី?» គេ​ឆ្លើយ​ថា៖ «គឺ​ពី​រឿង​លោក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សម្ដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​ពី​របៀប​ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​របស់​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ទៀត​ផង។ តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នោះ​ហើយ ជា​អ្នក​រំដោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ឥឡូវ​ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គម្រប់​បី​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក។ ហើយ​មាន​ស្ត្រី​ខ្លះ ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ។ មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រ្តីទាំង​នោះ​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី​ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​នឹង​ការ​ទាំង​នេះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គ​ទេ​ឬ?» បន្ទាប់​មក ព្រះ‌អង្គ​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​ចែង​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង‌មូល ឲ្យ​គេ​ស្តាប់ ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ហោរា​រៀង​មក។ លុះ​គេ​ដើរ​ជិត​ដល់​ភូមិ​ដែល​គេ​បម្រុង​នឹង​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស តែ​គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​នៅ​ជា​មួយ​យើង​ខ្ញុំ​សិន ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​គេ។ ពេល​គង់​នៅ​តុ​ជា​មួយ​គ្នា ព្រះ‌អង្គ​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។ ពេលនោះ ភ្នែក​គេ​ក៏​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ក៏​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម។ គេ​និយាយ​គ្នា​ថា៖ «តើ​យើង​មិន​មាន​សេចក្តី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ហើយ​សម្តែងពីបទ​គម្ពីរប្រាប់​យើង នៅ​តាម​ផ្លូវ​នោះ​ទេ​ឬ?»

ចែក​រំលែក
អាន លូកា 24

លូកា 24:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​អាទិត្យ ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។ ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។ នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​ព្រះ‌សព​របស់​ព្រះ‌អម្ចាស់​យេស៊ូ​ទេ។ ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច មក​ឈរ​ជិត​នាង។ នាង​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ឱន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ? [ព្រះអង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា “បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះអង្គ តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ” »។ ពួក​នាង​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ។ ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។ ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។ ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ ពួក​គេ​ពុំ​ជឿ​ពាក្យ​សម្ដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។ ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះ‌សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។ នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស*​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ គេ​និយាយ​គ្នា​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះ‌យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ គេ​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​ព្រះអង្គ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ ម្នាក់​ឈ្មោះ​ក្លេវ‌ប៉ាស ទូល​ព្រះអង្គ​ថា៖ «ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដឹង​ហេតុ‌ការណ៍ ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។ ព្រះអង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជា‌ជន​ទាំង​មូល ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។ យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។ មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។ មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។ ព្រះ‌គ្រិស្ត*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ*​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។ លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។ គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។ ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែ ព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។ គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។

ចែក​រំលែក
អាន លូកា 24

លូកា 24:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប ដែល​រៀបចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​ទេ កំពុង​ដែល​មាន​សេចក្ដី​ងឿង‌ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀក‌ពាក់​ភ្លឺ‌ព្រោង‌ព្រាយ ឈរ​ជិត​គេ គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ​ថា កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​ទ្រង់ លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ នឹង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ​នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។ រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចំងាយ​១១​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះ‌គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ ទ្រង់​មាន​បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ នឹង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ នឹង​បណ្តាជន​ទាំង‌ឡាយ​ផង ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ នឹង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​ដំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង‌ឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ នឹង​គម្ពីរ​ពួក​ហោរា​រៀង​មក នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ​អី

ចែក​រំលែក
អាន លូកា 24