លូកា 22:32-52
លូកា 22:32-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ អ្នកណាដែលមានកាបូប មានយាម ត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ត្រូវលក់អាវរបស់ខ្លួន ហើយទិញដាវមួយមក។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។ ពួកគេទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងល្មមហើយ»។ ព្រះអង្គយាងចេញទៅក្រៅ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ហើយពួកសិស្សក៏តាមទៅដែរ។ ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។ បន្ទាប់មក ព្រះអង្គយាងចេញពីគេទៅ ចម្ងាយប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យព្រះអង្គវិញ»។ ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។ ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។ ពេលព្រះអង្គក្រោកពីទីអធិស្ឋាន វិលទៅរកពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។ កំពុងដែលព្រះយេស៊ូវមានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ជាអ្នកនាំមុខគេ។ គាត់ចូលមកជិតព្រះយេស៊ូវ ដើម្បីថើបព្រះអង្គ តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?» ពេលពួកអ្នកដែលនៅជុំវិញព្រះអង្គ ឃើញហេតុការណ៍ដែលហៀបនឹងកើតមកដូច្នេះ គេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! តើត្រូវឲ្យយើងខ្ញុំយកដាវកាប់គេឬ?» មានសិស្សម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើសម្តេចសង្ឃដាច់ស្លឹកត្រចៀកខាងស្តាំ។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។ បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ?
លូកា 22:32-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសិស្ស*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាមក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួនទិញដាវមួយទៅ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា “គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ” ។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។ ព្រះយេស៊ូយាងចេញពីផ្ទះនោះឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សិស្ស*ក៏នាំគ្នាតាមព្រះអង្គទៅដែរ។ កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ»។ បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ពេលនោះ មានទេវតា*មួយរូបចុះពីស្ថានបរមសុខ*មកឲ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាម ស្រក់ចុះដល់ដី។ កាលព្រះអង្គទូលអង្វររួចហើយ ព្រះអង្គក្រោកឡើង ត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើង អធិស្ឋាន* កុំឲ្យចាញ់ការល្បួង»។ នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្ស*មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស*ឬអី?»។ ពួកអ្នកនៅជាមួយព្រះយេស៊ូឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យជាដូចដើមវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ* មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យ*ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ?
លូកា 22:32-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី នោះទ្រង់មានបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។ រួចមក ទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ ដូច្នេះ ទ្រង់មានបន្ទូលថា ឥឡូវនេះវិញ អ្នកណាដែលមានកាបូប មានយាម នោះត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ក៏ឲ្យអ្នកនោះលក់អាវខ្លួនទៅទិញមួយមក ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្ដីដែលដំរូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់ រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានបន្ទូលថា អើ ល្មមហើយ។ កាលទ្រង់យាងចេញទៅ នោះទ្រង់ទៅឯភ្នំដើមអូលីវ តាមទំលាប់ ហើយពួកសិស្សក៏តាមទៅដែរ លុះដល់កន្លែងហើយ ទ្រង់មានបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត ទ្រង់មានបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ។ កំពុងដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងពួក១២ ក៏នាំមុខគេ វាចូលមកជិត ដើម្បីថើបព្រះយេស៊ូវ តែទ្រង់មានបន្ទូលទៅវាថា យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើប១ខ្សឺតឬអី កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវមានបន្ទូលថា ចូរឈប់ប៉ុណ្ណឹងចុះ រួចទ្រង់ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ នឹងពួកចាស់ទុំដែលមកចាប់ទ្រង់ថា តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរឬអី