លូកា 22:31-34
លូកា 22:31-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។
លូកា 22:31-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
លូកា 22:31-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី នោះទ្រង់មានបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។