លូកា 22:1-71
លូកា 22:1-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។ ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ អារក្សសាតាំងបានចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ។ គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់គាត់។ យូដាសយល់ព្រម ហើយរកឱកាសបញ្ជូនព្រះអង្គទៅឲ្យពួកគេ ពេលណាគ្មានបណ្តាជននៅក្បែរ។ ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។ ដូច្នេះ ព្រះយេស៊ូវបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើងបរិភោគ»។ តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា។ ចូររៀបចំនៅទីនោះចុះ»។ គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។ ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។ ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ មួយទៀត មើល៍! អ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយខ្ញុំដែរ។ កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលបានកំណត់ទុក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលបញ្ជូនខ្ញុំទៅ»។ ពេលនោះ គេចាប់ផ្តើមសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។ ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា គឺត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបម្រើដែរ។ តើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបម្រើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬ? ប៉ុន្តែ ខ្ញុំនៅកណ្តាលអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ។ អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។ ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងព្រះរាជ្យរបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីរនៃសាសន៍អ៊ីស្រាអែល»។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ អ្នកណាដែលមានកាបូប មានយាម ត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ត្រូវលក់អាវរបស់ខ្លួន ហើយទិញដាវមួយមក។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។ ពួកគេទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងល្មមហើយ»។ ព្រះអង្គយាងចេញទៅក្រៅ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ហើយពួកសិស្សក៏តាមទៅដែរ។ ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។ បន្ទាប់មក ព្រះអង្គយាងចេញពីគេទៅ ចម្ងាយប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យព្រះអង្គវិញ»។ ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។ ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។ ពេលព្រះអង្គក្រោកពីទីអធិស្ឋាន វិលទៅរកពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។ កំពុងដែលព្រះយេស៊ូវមានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ជាអ្នកនាំមុខគេ។ គាត់ចូលមកជិតព្រះយេស៊ូវ ដើម្បីថើបព្រះអង្គ តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?» ពេលពួកអ្នកដែលនៅជុំវិញព្រះអង្គ ឃើញហេតុការណ៍ដែលហៀបនឹងកើតមកដូច្នេះ គេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! តើត្រូវឲ្យយើងខ្ញុំយកដាវកាប់គេឬ?» មានសិស្សម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើសម្តេចសង្ឃដាច់ស្លឹកត្រចៀកខាងស្តាំ។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។ បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ? ខ្ញុំនៅជាមួយអ្នករាល់គ្នា ក្នុងព្រះវិហាររាល់ថ្ងៃ អ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់អ្នករាល់គ្នាហើយ និងជាអំណាចនៃសេចក្តីងងឹតផង!»។ គេក៏ចាប់ព្រះអង្គនាំទៅដល់ដំណាក់សម្តេចសង្ឃ ឯពេត្រុស គាត់ដើរតាមពីចម្ងាយដែរ។ ពេលគេបានបង្កាត់ភ្លើងនៅកណ្តាលទីលាន អង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយគេដែរ។ មានស្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សម្លឹងមើល ហើយនិយាយថា៖ «អ្នកនេះក៏នៅជាមួយគាត់នោះដែរ»។ ប៉ុន្តែ គាត់ប្រកែកថា៖ «នាងអើយ ខ្ញុំមិនស្គាល់គាត់ទេ»។ បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកឯងក៏ជាបក្សពួកនោះដែរ»។ តែពេត្រុសឆ្លើយថា៖ «អ្នកអើយ មិនមែនខ្ញុំទេ»។ ប្រហែលជាមួយម៉ោងក្រោយមក មានម្នាក់ទៀតថា៖ «អ្នកនេះប្រាកដជាបាននៅជាមួយអ្នកនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា»។ ពេត្រុសប្រកែកថា៖ «អ្នកអើយ ខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេ» កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង។ ព្រះអម្ចាស់បែរទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកគាត់ថា៖ «មុនដែលមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ គាត់ចេញទៅក្រៅ ហើយយំយ៉ាងក្តុកក្តួល។ ឯពួកអ្នកដែលយាមព្រះយេស៊ូវ គេចាប់ផ្តើមចំអក និងវាយតប់ព្រះអង្គ ហើយខ្ទប់ព្រះនេត្រ ទះកំផ្លៀងព្រះអង្គ ដោយទូលថា៖ «ចូរទាយមើល តើអ្នកណាវាយឯង?»។ គេជេរប្រមាថព្រះអង្គដោយពាក្យជាច្រើនថែមទៀត។ ដល់ព្រឹកឡើង ពួកចាស់ទុំលើប្រជាជន ពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា គេនាំព្រះអង្គទៅជួបក្រុមប្រឹក្សារបស់គេ សួរថា៖ «បើអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមកមើល៍» ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ប្រសិនបើខ្ញុំជម្រាបអស់លោកទាំងអស់គ្នា ក៏អស់លោកមិនជឿខ្ញុំដែរ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ប៉ុន្តែ អំណឹះតទៅ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ» នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ គេក៏និយាយថា៖ «តើចាំបាច់ត្រូវការបន្ទាល់អ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»។
លូកា 22:1-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ពួកនាយកបូជាចារ្យ និងពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមទាំងដប់ពីររូប។ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។ លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង*»។ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។ ពេលនោះ ពួកសិស្ស*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ*ឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធ*ទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។ «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសិស្ស*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាមក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួនទិញដាវមួយទៅ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា “គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ” ។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។ ព្រះយេស៊ូយាងចេញពីផ្ទះនោះឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សិស្ស*ក៏នាំគ្នាតាមព្រះអង្គទៅដែរ។ កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ»។ បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ពេលនោះ មានទេវតា*មួយរូបចុះពីស្ថានបរមសុខ*មកឲ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាម ស្រក់ចុះដល់ដី។ កាលព្រះអង្គទូលអង្វររួចហើយ ព្រះអង្គក្រោកឡើង ត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើង អធិស្ឋាន* កុំឲ្យចាញ់ការល្បួង»។ នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្ស*មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស*ឬអី?»។ ពួកអ្នកនៅជាមួយព្រះយេស៊ូឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យជាដូចដើមវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ* មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យ*ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។ ពួកគេចាប់ព្រះយេស៊ូ បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។ គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ លោកពេត្រុសក៏អង្គុយនៅក្នុងចំណោមពួកគេដែរ។ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ លោកពេត្រុសប្រកែកថា៖ «ទេ នាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។ មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ លោកពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។ ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងថាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ព្រះអម្ចាស់បែរព្រះភ័ក្ត្រទតមកលោកពេត្រុស។ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។ ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។ គេយកក្រណាត់គ្របព្រះភ័ក្ត្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។ លុះព្រឹកឡើង ពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ជួបជុំគ្នា បង្គាប់ឲ្យគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់*របស់គេ។ ពួកគេសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រិស្ត*ឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ប៉ុន្តែ អំណើះតទៅ បុត្រមនុស្សនឹងអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព »។ ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។
លូកា 22:1-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯបុណ្យនំបុ័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់ ហើយពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន នោះអារក្សសាតាំងវាចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួក១២ រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយនឹងពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស។ ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង នោះទ្រង់ចាត់ពេត្រុស នឹងយ៉ូហានឲ្យទៅ ដោយបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់ រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា មួយទៀត មើល ដៃនៃអ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយនឹងខ្ញុំដែរ កូនមនុស្សត្រូវទៅមែន តាមសេចក្ដីដែលសំរេចមក ប៉ុន្តែ វេទនាដល់មនុស្សនោះ ដែលបញ្ជូនខ្ញុំទៅ នោះគេចាប់តាំងសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។ គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ តែទ្រង់មានបន្ទូលថា អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្តារាស្ត្រ ហើយបណ្តាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ ឯអ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏ដំរូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។ ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី នោះទ្រង់មានបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។ រួចមក ទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ ដូច្នេះ ទ្រង់មានបន្ទូលថា ឥឡូវនេះវិញ អ្នកណាដែលមានកាបូប មានយាម នោះត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ក៏ឲ្យអ្នកនោះលក់អាវខ្លួនទៅទិញមួយមក ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្ដីដែលដំរូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់ រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានបន្ទូលថា អើ ល្មមហើយ។ កាលទ្រង់យាងចេញទៅ នោះទ្រង់ទៅឯភ្នំដើមអូលីវ តាមទំលាប់ ហើយពួកសិស្សក៏តាមទៅដែរ លុះដល់កន្លែងហើយ ទ្រង់មានបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត ទ្រង់មានបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ។ កំពុងដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងពួក១២ ក៏នាំមុខគេ វាចូលមកជិត ដើម្បីថើបព្រះយេស៊ូវ តែទ្រង់មានបន្ទូលទៅវាថា យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើប១ខ្សឺតឬអី កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវមានបន្ទូលថា ចូរឈប់ប៉ុណ្ណឹងចុះ រួចទ្រង់ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ នឹងពួកចាស់ទុំដែលមកចាប់ទ្រង់ថា តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរឬអី កាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ក្នុងព្រះវិហាររាល់តែថ្ងៃ នោះអ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្ដីងងឹតផង។ គេក៏ចាប់ទ្រង់ដឹកនាំទៅដល់ដំណាក់សំដេចសង្ឃ ឯពេត្រុស គាត់តាមទៅពីចំងាយដែរ កាលគេបានបង្កាត់ភ្លើងនៅកណ្តាលព្រះលាន ហើយអង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយនឹងគេដែរ មានស្រីបំរើម្នាក់ ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ តែគាត់ប្រកែកថា នាងអើយ ខ្ញុំមិនស្គាល់មនុស្សនោះទេ ក្រោយបន្តិចមក មានម្នាក់ទៀតឃើញគាត់ ហើយក៏ថា អ្នកឯងជាពួកនោះដែរ តែពេត្រុសឆ្លើយថា អ្នកអើយ ខ្ញុំមិនមែនទេ រួចប្រហែលជា១ម៉ោងក្រោយមកមានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ រួចគាត់ចេញទៅក្រៅដោយយំក្តួល។ ឯពួកមនុស្សដែលរក្សាព្រះយេស៊ូវ គេចំអកឲ្យ ហើយវាយទ្រង់ ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។ ដល់ព្រឹកឡើង នោះពួកចាស់ទុំនៃបណ្តាជន ព្រមទាំងពួកសង្គ្រាជ នឹងពួកអាចារ្យ ក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ ហើយបើខ្ញុំសួរលោកវិញ នោះក៏មិនព្រមឆ្លើយមកខ្ញុំ ឬលែងឲ្យខ្ញុំទៅដែរ អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ គេក៏និយាយថា តើចាំបាច់ត្រូវការនឹងទីបន្ទាល់អ្វីទៀត ព្រោះយើងបានឮចេញពីមាត់ខ្លួនវាមកស្រាប់ហើយ។