លូកា 22:1-16
លូកា 22:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។ ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ អារក្សសាតាំងបានចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ។ គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់គាត់។ យូដាសយល់ព្រម ហើយរកឱកាសបញ្ជូនព្រះអង្គទៅឲ្យពួកគេ ពេលណាគ្មានបណ្តាជននៅក្បែរ។ ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។ ដូច្នេះ ព្រះយេស៊ូវបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើងបរិភោគ»។ តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា។ ចូររៀបចំនៅទីនោះចុះ»។ គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។
លូកា 22:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ពួកនាយកបូជាចារ្យ និងពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមទាំងដប់ពីររូប។ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។ លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង*»។ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។
លូកា 22:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯបុណ្យនំបុ័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់ ហើយពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន នោះអារក្សសាតាំងវាចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួក១២ រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយនឹងពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស។ ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង នោះទ្រង់ចាត់ពេត្រុស នឹងយ៉ូហានឲ្យទៅ ដោយបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ