លូកា 21:10-24
លូកា 21:10-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។ ដូច្នេះ ចូរចងចាំក្នុងចិត្តថា អ្នករាល់គ្នាមិនចាំបាច់គិតជាមុន អំពីពាក្យដែលត្រូវឆ្លើយការពារខ្លួននោះឡើយ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។ ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយគេនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរ។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ អ្នករាល់គ្នានឹងបានជីវិតគង់នៅ ដោយមានចិត្តខ្ជាប់ខ្ជួន»។ «ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។ គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។ ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។ នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
លូកា 21:10-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗ បណ្ដាលឲ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ* យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសាភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាឡើយ។ សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។ «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។ ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
លូកា 21:10-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ នឹងទីសំគាល់យ៉ាងធំពីលើមេឃផង តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច នឹងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង ប៉ុន្តែការនោះនឹងត្រឡប់ប្រែជាឱកាស ឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ ដូច្នេះ ចូរសំរេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យដែលត្រូវដោះសាទេ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនឹងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ ប៉ុន្តែទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន។ ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក ឯពួកស្រីៗដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្ដីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនឹងសេចក្ដីក្រោធដល់បណ្តាជននេះ គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។