លូកា 21:1-9

លូកា 21:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​ទត​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​ប្រាក់​តង្វាយ​ក្នុង​ហិប​តង្វាយ ព្រះ‌អង្គ​ក៏​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​ពីរ​ស្លឹង​គត់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី្ត​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​សំណល់​របស់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្តី​កម្សត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​បាន​ថ្វាយ​ទាំង​អស់ ដែល​នាង​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត»។ កាល​អ្នក​ខ្លះ​កំពុង​និយាយ​ពី​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ និង​ដោយ​តង្វាយ​ផ្សេងៗ​ដែល​គេ​បាន​ថ្វាយ​ដល់​ព្រះ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «រីឯ​របស់​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ គឺ​ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​ហេតុ‌ការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជិត​មក​ដល់?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​ពី​សង្គ្រាម និង​ចលា‌ចល នោះ​កុំ​តក់​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ ចុង​បំផុត​មិន​ទាន់​មក​ដល់​ភ្លាមៗ​ទេ»។

ចែក​រំលែក
អាន លូកា 21

លូកា 21:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ទត​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេន មក​ដាក់​ក្នុង​ហិប​នោះ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។ អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។

ចែក​រំលែក
អាន លូកា 21

លូកា 21:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទ្រង់​ក្រឡេក​ព្រះ‌នេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់ រួច​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័ល‌ក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។ កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះ‌វិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់‌តែង​ដោយ​ដង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​បន្ទូល​ថា ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់ ទ្រង់​មាន​បន្ទូល​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង នឹង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។

ចែក​រំលែក
អាន លូកា 21