លូកា 21:1-4
លូកា 21:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវទតឃើញពួកអ្នកមានកំពុងដាក់ប្រាក់តង្វាយក្នុងហិបតង្វាយ ព្រះអង្គក៏ទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ ដាក់ថ្វាយតែពីរស្លឹងគត់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រី្តមេម៉ាយក្រីក្រនេះបានដាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
លូកា 21:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។
លូកា 21:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់ក្រឡេកព្រះនេត្រទតទៅ ឃើញពួកអ្នកមាន កំពុងតែដាក់ប្រាក់ដង្វាយក្នុងឃ្លាំង ទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ ដាក់ថ្វាយតែ២ស្លឹងគត់ រួចទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង។