លូកា 20:20-26
លូកា 20:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេឃ្លាំមើលព្រះអង្គ ហើយក៏ចាត់ពួកសម្ងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល ហើយចាប់បញ្ជូនព្រះអង្គទៅសាលាក្តី និងក្នុងអំណាចរបស់លោកទេសាភិបាល។ អ្នកទាំងនោះទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ និងបង្រៀនសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ ដូច្នេះ តើគួរឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ?» ដោយព្រះអង្គជ្រាបពីឧបាយកលរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញកាក់មួយដេណារីមកឲ្យខ្ញុំមើល តើរូប និងឈ្មោះនេះជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «សេសារ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះថ្វាយទៅព្រះវិញ»។ គេមិនអាចចាប់ព្រះបន្ទូលព្រះអង្គនៅមុខប្រជាជនទាំងឡាយបានឡើយ ហើយគេមានសេចក្ដីអស្ចារ្យនឹងចម្លើយរបស់ព្រះអង្គ រួចគេក៏នៅស្ងៀម។
លូកា 20:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
លូកា 20:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។