លូកា 20:19-44
លូកា 20:19-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលនោះ ពួកសង្គ្រាជ និងពួកអាចារ្យរកមធ្យោបាយចាប់ព្រះអង្គ ដ្បិតគេដឹងថា ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនោះដាក់គេ តែគេខ្លាចបណ្តាជន។ ពួកគេឃ្លាំមើលព្រះអង្គ ហើយក៏ចាត់ពួកសម្ងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល ហើយចាប់បញ្ជូនព្រះអង្គទៅសាលាក្តី និងក្នុងអំណាចរបស់លោកទេសាភិបាល។ អ្នកទាំងនោះទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ និងបង្រៀនសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ ដូច្នេះ តើគួរឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ?» ដោយព្រះអង្គជ្រាបពីឧបាយកលរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញកាក់មួយដេណារីមកឲ្យខ្ញុំមើល តើរូប និងឈ្មោះនេះជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «សេសារ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះថ្វាយទៅព្រះវិញ»។ គេមិនអាចចាប់ព្រះបន្ទូលព្រះអង្គនៅមុខប្រជាជនទាំងឡាយបានឡើយ ហើយគេមានសេចក្ដីអស្ចារ្យនឹងចម្លើយរបស់ព្រះអង្គ រួចគេក៏នៅស្ងៀម។ មានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ គេមកទូលសួរព្រះយេស៊ូវថា៖ «លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងប្រុសអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីបន្តពូជឲ្យបង ។ ដូច្នេះ មានបងប្អូនប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅទាំងគ្មានកូន។ ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅទាំងគ្មានកូនដែរ អ្នកទីបីក៏យកនាងទៀត ហើយបងប្អូនទាំងប្រាំពីរនាក់ បានយកនាងគ្រប់គ្នា តែស្លាប់ទៅទាំងគ្មានកូនដូចគ្នាទាំងអស់។ ទីបំផុត នាងនោះស្លាប់ទៅដែរ។ ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរនោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ធម្មតា មនុស្សនៅលោកីយ៍នេះ គេតែងយកប្តីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលបានរាប់ជាស័ក្តិសមនឹងបានទៅឯបរលោក ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនយកប្តីប្រពន្ធទៀតទេ។ គេមិនចេះស្លាប់ទេ គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះ ដោយបានរស់ពីស្លាប់ឡើងវិញ។ រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញនោះ លោកម៉ូសេក៏បានបង្ហាញដែរ ក្នុងរឿងពីគុម្ពបន្លា គឺពេលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ។ ដ្បិតព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់ ដ្បិតនៅចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ មានពួកអាចារ្យខ្លះឆ្លើយឡើងថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់»។ ពួកគេក៏លែងហ៊ានទូលសួរព្រះអង្គពីអ្វីទៀតដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ហេតុដូចម្តេចបានជាគេអាចនិយាយថាព្រះគ្រីស្ទជាព្រះរាជវង្សព្រះបាទដាវីឌ? ព្រោះព្រះបាទដាវីឌផ្ទាល់ មានរាជឱង្ការនៅក្នុងគម្ពីរទំនុកតម្កើងថា "ព្រះអម្ចាស់មានព្រះបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង ទាល់តែយើងដាក់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យធ្វើជាកំណល់កល់ព្រះបាទព្រះអង្គ"។ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ ដូច្នេះ តើព្រះគ្រីស្ទអាចជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?»
លូកា 20:19-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកអាចារ្យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។ ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។ មានអ្នកខាងគណៈសាឌូស៊ី*ខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន ។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវតា*។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកអាចារ្យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ត*ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថា សូមគង់នៅខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា ព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។
លូកា 20:19-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះឯង ពួកសង្គ្រាជ នឹងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។ គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។ នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង ដូច្នេះ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅឥតកូនដែរ អ្នកទី៣ក៏យកនាងទៀត បណ្តាទាំង៧នាក់នោះក៏យកនាងគ្រប់ៗគ្នា ហើយស្លាប់ទៅឥតមានកូនដូចគ្នាទាំងអស់ ក្រោយបង្អស់មក នាងនោះស្លាប់ទៅដែរ ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា ដ្បិតអ្នកទាំង៧នោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា នោះទ្រង់មានបន្ទូលឆ្លើយថា ធម្មតាមនុស្សនៅលោកីយនេះ គេតែងយកប្ដីប្រពន្ធ តែអស់អ្នកដែលបានរាប់ជាគួរ ឲ្យបានទៅឯបរលោកនាយ ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនដែលយកប្ដីប្រពន្ធទៀតទេ ពីព្រោះគេមិនចេះស្លាប់ទៀត គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់រស់សំរាប់ទ្រង់ នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ រួចគេមិនហ៊ានទូលសួរទ្រង់ទៀតឡើយ។ ទ្រង់ក៏មានបន្ទូលសួរគេថា ដូចម្តេចបានជាគេថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ព្រោះហ្លួងដាវីឌនោះឯង ទ្រង់បានមានបន្ទូលក្នុងគម្ពីរទំនុកដំកើងថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន។