លូកា 20:1-8
លូកា 20:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានមួយថ្ងៃ កំពុងដែលព្រះយេស៊ូវបង្រៀនប្រជាជន ព្រមទាំងប្រកាសប្រាប់ដំណឹងល្អនៅក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំក៏មកដល់ គេទូលសួរព្រះអង្គថា៖ «សូមប្រាប់យើងខ្ញុំ តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាបានប្រគល់អំណាចនេះឲ្យលោក?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តីមួយដែរ ចូរប្រាប់មកខ្ញុំសិន តើពិធីជ្រមុជរបស់យ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" នោះគាត់នឹងសួរយើងវិញថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់" តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។ រួចគេទូលឆ្លើយថា គេមិនដឹងថាមកពីណាទេ។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាឲ្យដឹងថាខ្ញុំធ្វើការទាំងនេះ ដោយអាងអំណាចអ្វីដែរ»។
លូកា 20:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ* មានក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី*មែន»។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
លូកា 20:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃនោះ កំពុងដែលព្រះយេស៊ូវទ្រង់បង្រៀនដល់ពួកជន ព្រមទាំងប្រាប់ដំណឹងល្អនៅក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ ក៏មកដល់ គេទូលទ្រង់ថា សូមប្រាប់យើងខ្ញុំ តើអ្នកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី អ្នកណាបានបើកអំណាចនេះឲ្យអ្នក តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរប្រាប់មកខ្ញុំសិន ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ ទ្រង់ក៏មានបន្ទូលសបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។