លូកា 19:41-48
លូកា 19:41-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖ «ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។ បន្ទាប់មក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញពួកអ្នកលក់ដូរចេញ ដោយមានព្រះបន្ទូលថា៖ «មានសេចក្តីចែងទុកមកថា "ដំណាក់របស់យើងជាទីសម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានយកធ្វើជារោងចោរទៅវិញ» ។ ព្រះអង្គបង្រៀនក្នុងព្រះវិហាររាល់ថ្ងៃ។ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកអ្នកធំ ក្នុងចំណោមប្រជាជន គេខំនាំគ្នាស្វែងរកឱកាសដើម្បីធ្វើគុតព្រះអង្គ ប៉ុន្តែ គេរកធ្វើអ្វីមិនបានសោះ ព្រោះប្រជាជនកំពុងស្តាប់ព្រះអង្គដោយយកចិត្តទុកដាក់ខ្លាំងណាស់។
លូកា 19:41-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញទេ។ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ »។ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ* ពួកអាចារ្យ* និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។
លូកា 19:41-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។ កាលទ្រង់យាងចូលដល់ក្នុងព្រះវិហារហើយ នោះទ្រង់ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញ ដោយបន្ទូលថា មានសេចក្ដីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ តែរកហេតុអ្វីមិនបានសោះ ពីព្រោះបណ្តាជនកំពុងប្រុងស្តាប់ទ្រង់ណាស់។