លូកា 19:37-44
លូកា 19:37-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ គេពោលថា «សូមស្តេចដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត!» ។ មានពួកផារិស៊ីខ្លះ ដែលនៅក្នុងចំណោមមនុស្ស គេទូលព្រះអង្គថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។ កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖ «ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។
លូកា 19:37-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្តិភាពកើតពីស្ថានបរមសុខ*មក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។ មានអ្នកខាងគណៈផារីស៊ី*ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញទេ។ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។
លូកា 19:37-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត នោះពួកផារិស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។