លូកា 18:18-30

លូកា 18:18-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ឱ​លោក​គ្រូ​ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា គ្រូ​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឡើយ មាន​តែ​មួយ​អង្គ​ប៉ុណ្ណោះ គឺ​ជា​ព្រះ។ អ្នក​បាន​ស្គាល់​ព្រះឱវាទ​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា "កុំ​ផិត​ឲ្យ​សោះ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​លួច​ឲ្យ​សោះ កុំ​ធ្វើ​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក‌ម្តាយ"» ។ គាត់​ទូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ»។ ពេល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​សេចក្តី​មួយ​ទៀត ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌​វិញ រួច​មក​តាម​ខ្ញុំ​ចុះ»។ ប៉ុន្តែ ពេល​គាត់​បាន​ឮ​សេចក្តី​ទាំង​នេះ​ហើយ ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់ ការ​ដែល​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។ ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ?» ព្រះ‌អង្គ​មាន​បន្ទូល​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។ បន្ទាប់​មក ពេត្រុស​ទូល​ថា៖ «មើល៍! យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង ប្រពន្ធ​កូន បង‌ប្អូ​ន ឬ​ឪពុក‌ម្តាយ ដោយ​យល់​ដល់​ព្រះរាជ្យ​របស់​ព្រះ អ្នក​នោះ​មិន​ត្រឹម​តែ​ទទួល​បាន​ច្រើន​ក្នុង​សម័យ​នេះ​ឡើយ តែ​នឹង​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច​នៅ​ឯ​បរលោក​ថែម​ទៀត​ផង»។

ចែក​រំលែក
អាន លូកា 18

លូកា 18:18-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ លោក​ស្គាល់​បទ‌បញ្ជា*​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតា”» ។ បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​សល់​កិច្ចការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ លោក​នឹង​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។ កាល​ព្រះ‌យេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ណាស់ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ‌ជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បងប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លុប​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។

ចែក​រំលែក
អាន លូកា 18

លូកា 18:18-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ» តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់ ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់ នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ថែម​ទៀត​ផង។

ចែក​រំលែក
អាន លូកា 18