លូកា 18:10-14
លូកា 18:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា "ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។ ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
លូកា 18:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
លូកា 18:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។