លូកា 18:1-30

លូកា 18:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ ក៏​មិន​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ឡើយ។ នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។ លោក​ចេះ​តែ​បដិសេធ​អស់​ពេល​ជា​យូរ តែ​ក្រោយ​មក​លោក​គិត​ក្នុង​ចិត្ត​ថា "ទោះ​បើ​ខ្ញុំ​មិន​ខ្លាច​ដល់​ព្រះ ឬ​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ តែ​ព្រោះ​នាង​ចេះ​តែ​មក​រំខាន​ខ្ញុំ​ខ្លាំង​ឡើងៗ ខ្ញុំ​នឹង​ត្រូវ​ជំនុំ‌ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ថែម​ទៀត"»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ពិចារណា​សេចក្តី​ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ។ តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់​មិន​ខាន ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ណា​កូន​មនុស្ស​យាង​មក តើ​ព្រះ‌អង្គ​នឹង​ឃើញ​មាន​ជំនឿ​លើ​ផែនដី​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត ទៅ​កាន់​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​ខ្លួន​គេ​ថា​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ​ថា «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ម្នាក់​ជា​ផារិស៊ី ម្នាក់​ទៀត​ជា​អ្នក​យកពន្ធ។ អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា "ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិតក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ។ ទូល‌បង្គំ​តម​ក្នុង​មួយ​អាទិត្យ​ពីរ​ដង ហើយ​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូល‌បង្គំ​រក​បាន"។ ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា "ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​មនុស្ស​បាប​ផង"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ»។ មាន​គេ​នាំ​ក្មេង​តូចៗ​មក​រក​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ពាល់​ពួក​គេ តែ​ពេល​ពួក​សិស្ស​បាន​ឃើញ ក៏​បន្ទោស​ដល់​គេ។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​កូន​ក្មេង​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់ព្រះ‌អង្គ​មិនបាន​ឡើយ»។ មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ឱ​លោក​គ្រូ​ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា គ្រូ​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឡើយ មាន​តែ​មួយ​អង្គ​ប៉ុណ្ណោះ គឺ​ជា​ព្រះ។ អ្នក​បាន​ស្គាល់​ព្រះឱវាទ​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា "កុំ​ផិត​ឲ្យ​សោះ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​លួច​ឲ្យ​សោះ កុំ​ធ្វើ​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក‌ម្តាយ"» ។ គាត់​ទូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ»។ ពេល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​សេចក្តី​មួយ​ទៀត ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌​វិញ រួច​មក​តាម​ខ្ញុំ​ចុះ»។ ប៉ុន្តែ ពេល​គាត់​បាន​ឮ​សេចក្តី​ទាំង​នេះ​ហើយ ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់ ការ​ដែល​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។ ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ?» ព្រះ‌អង្គ​មាន​បន្ទូល​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។ បន្ទាប់​មក ពេត្រុស​ទូល​ថា៖ «មើល៍! យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង ប្រពន្ធ​កូន បង‌ប្អូ​ន ឬ​ឪពុក‌ម្តាយ ដោយ​យល់​ដល់​ព្រះរាជ្យ​របស់​ព្រះ អ្នក​នោះ​មិន​ត្រឹម​តែ​ទទួល​បាន​ច្រើន​ក្នុង​សម័យ​នេះ​ឡើយ តែ​នឹង​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច​នៅ​ឯ​បរលោក​ថែម​ទៀត​ផង»។

ចែក​រំលែក
អាន លូកា 18

លូកា 18:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោតខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ គាត់​មុខ​ជា​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះអង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​គេ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស*​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែនដី​នេះ​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អ្នក​ខ្លះ ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន*​ក្នុង​ព្រះ‌វិហារ*។ ម្នាក់​ខាង​គណៈ‌ផារីស៊ី* ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ*។ បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ ទូលបង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ទូលបង្គំ​ថ្វាយ​របស់​អ្វីៗ​ទាំង​អស់​ដែល​ទូលបង្គំ​រក​បាន​មួយ​ភាគ​ដប់​ដល់​ព្រះអង្គ”។ រីឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង ទូល​ថា “ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ស្ដី​បន្ទោស​គេ តែ​ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​ព្រះអង្គ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​មិន​បាន​ឡើយ»។ មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ លោក​ស្គាល់​បទ‌បញ្ជា*​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតា”» ។ បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​សល់​កិច្ចការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ លោក​នឹង​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។ កាល​ព្រះ‌យេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ណាស់ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ‌ជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បងប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លុប​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។

ចែក​រំលែក
អាន លូកា 18

លូកា 18:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ ទ្រង់​មាន​បន្ទូល​ថា នៅ​ក្នុង​ក្រុង​១​មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ផង ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។ ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារិស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ ទូលបង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូលបង្គំ​បាន​ចំណេញ​ផង ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។ មាន​គេ​នាំ​កូន​តូចៗ​មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។ មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ» តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់ ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់ នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ថែម​ទៀត​ផង។

ចែក​រំលែក
អាន លូកា 18