លូកា 17:1-6
លូកា 17:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា «សេចក្តីល្បួងដែលនាំឲ្យធ្វើបាបប្រាកដជាត្រូវមក តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង។ ប្រសិនបើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទម្លាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយរវាតចិត្ត។ ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ ប្រសិនបើគាត់ធ្វើបាបនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នកប្រាំពីរដងថា "ខ្ញុំប្រែចិត្ត" នោះចូរអត់ទោសឲ្យគាត់ទៅ»។ ដូច្នេះ ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមទ្រង់ចម្រើនជំនឿដល់យើងខ្ញុំផង!» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។
លូកា 17:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឲ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឲ្យគាត់ទៅ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។ ពួកសាវ័ក*ទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
លូកា 17:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង បើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទំលាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយនេះរវាតចិត្តវិញ ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន ដូច្នេះ ពួកសាវកទូលដល់ព្រះអម្ចាស់ថា សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ