លូកា 16:5-15
លូកា 16:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក ម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន"? អ្នកនោះឆ្លើយថា "ជំពាក់ប្រេងមួយរយប៉ោត" រួចគាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ"។ គាត់សួរទៅម្នាក់ទៀតថា "ចុះអ្នក តើជំពាក់ប៉ុន្មាន?" អ្នកនោះឆ្លើយថា "ជំពាក់ស្រូវមួយរយហាប" គាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅសរសេរដាក់ប៉ែតសិបវិញទៅ"។ ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសម្លាញ់ដល់ខ្លួន ដើម្បីកាលណាទ្រព្យនោះរលាយសូន្យទៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។ ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន? ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃទេ តើអ្នកណានឹងឲ្យអ្វីដាច់ជារបស់អ្នកបាន? គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។ ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
លូកា 16:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទៅធ្វើទាន ដើម្បីឲ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចឲ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន! គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងឡើយ»។ កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
លូកា 16:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយនេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្តិរបស់លោកីយទេ តើអ្នកណាហ៊ានផ្ញើសម្បត្តិដ៏ពិត ទុកនឹងអ្នករាល់គ្នាបាន ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផងអ្នកបាន គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ។ ឯពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្ដីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់ នោះទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសំដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ