លូកា 16:16-31

លូកា 16:16-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​របស់​ពួក​ហោរា រហូត​មក​ដល់​លោក​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល។ ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​មួយ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។ អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​មួយ​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្តី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។ ក៏​មាន​បុរស​ម្នាក់​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ខ្លួន គេ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។ គាត់​ប្រាថ្នា​ចង់​ចម្អែត​ពោះ ដោយ​កម្ទេច​អាហារ​ដែល​ធ្លាក់​ពី​តុ​អ្នក​មាននោះ​ណាស់ ហើយ​មាន​ឆ្កែ​មក​លិឍ​ដំបៅ​គាត់​ទៀត​ផង។ ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​យក​គាត់​ទៅ​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រា‌ហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​យក​ទៅ​កប់។ គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។ គាត់​ស្រែក​ឡើង​ថា "ឱ​លោក​ឪពុក​អ័ប្រា‌ហាំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​វេទនាណាស់"។ តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។ ម្យ៉ាង​ទៀត មាន​ជង្ហុក​មួយ​យ៉ាង​ធំ ស្ថិត​នៅ​កណ្តាល​រវាង​យើង​នឹង​ឯង​រាល់​គ្នា ហើយ​គ្មាន​អ្នក​ណា​អាច​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង​បាន​ឡើយ"។ គាត់​ក៏​និយាយ​ថា "លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​គាត់​ឲ្យ​ទៅ​ផ្ទះ​របស់​ឪពុក​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់ សូម​ឲ្យ​គាត់​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​កន្លែង​វេទនា​នេះ​ដែរ"។ លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ"។ តែ​គាត់​ប្រ‌កែក​ថា "ទេ លោក​ឪពុក​អ័ប្រា‌ហាំ​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន"។ លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។

ចែក​រំលែក
អាន លូកា 16

លូកា 16:16-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។ ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យ‌វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច​ក៏​មិន​រលាយ​បាត់​ផង។ បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។ មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។ បុរស​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​បុរស​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។ គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។ លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។ ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។ អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។ លោក​អប្រាហាំ​ឆ្លើយ​ថា “បងប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។ អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត”។ ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

ចែក​រំលែក
អាន លូកា 16

លូកា 16:16-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ក្រិត្យ‌វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល ប៉ុន្តែ​ដែល​ផ្ទៃ​មេឃ នឹង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រិត្យ‌វិន័យ​ទៅ​ទៀត។ អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។ មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់ គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ នឹង​ឡាសារ​នៅ​ដើម​ទ្រូង​លោក នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ​គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា​ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ នឹង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ តែ​គាត់​ប្រកែក​ថា ទេ លោក​អ័ប្រាហាំ ឪពុក​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

ចែក​រំលែក
អាន លូកា 16