លូកា 16:1-8
លូកា 16:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកមើលខុសត្រូវលើរបស់ទ្រព្យសម្បត្តិរបស់លោកថា អ្នកនោះចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន។ គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។ អ្នកចាត់ការនោះគិតក្នុងចិត្តថា "តើខ្ញុំត្រូវធ្វើយ៉ាងណា? ដ្បិតចៅហ្វាយខ្ញុំគិតដកការត្រួតត្រានេះពីខ្ញុំហើយ ខ្ញុំគ្មានកម្លាំងទៅកាប់ដីទេ បើដើរសុំទាន ក៏ខ្មាសគេដែរ។ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វីហើយ ដើម្បីបើកាលណាលោកបណ្តេញខ្ញុំចេញពីការត្រួតត្រានេះ ខ្ញុំនឹងមានគេទទួលខ្ញុំ ឲ្យទៅនៅផ្ទះគេមិនខាន"។ គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក ម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន"? អ្នកនោះឆ្លើយថា "ជំពាក់ប្រេងមួយរយប៉ោត" រួចគាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ"។ គាត់សួរទៅម្នាក់ទៀតថា "ចុះអ្នក តើជំពាក់ប៉ុន្មាន?" អ្នកនោះឆ្លើយថា "ជំពាក់ស្រូវមួយរយហាប" គាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅសរសេរដាក់ប៉ែតសិបវិញទៅ"។ ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។
លូកា 16:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «មានសេដ្ឋីមួយរូបបានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។ អ្នកបម្រើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងឲ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។ អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឲ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
លូកា 16:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើល ពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ អ្នកដំរួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ នឹងទៅសូមទាន ក៏ខ្មាសគេដែរ អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយនេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត