លូកា 15:14-19
លូកា 15:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ ដូច្នេះ គាត់ក៏ទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើគាត់ឲ្យទៅឃ្វាលហ្វូងជ្រូកនៅឯវាល។ គាត់មានចិត្តចង់ចម្អែតពោះ ដោយសម្បក ដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។ ខ្ញុំនឹងក្រោកឡើង ទៅនិយាយជាមួយគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ និងចំពោះលោកឪពុក ខ្ញុំនេះមិនសមឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាអ្នកបម្រើស៊ីឈ្នួលរបស់លោកឪពុកចុះ"។
លូកា 15:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។
លូកា 15:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ