លូកា 15:1-27

លូកា 15:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​ស្តាប់​ព្រះ‌អង្គ។ ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​រអ៊ូរទាំ​ថា៖ «អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​បរិ‌ភោគ​ជា​មួយ​ពួក​គេ​ទៀត​ផង»។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ឲ្យ​នៅ​ទី​រហោ‌ស្ថាន រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ? កាល​រក​ឃើញ​ហើយ នោះ​គាត់​ក៏​លើក​ចៀម​ដាក់​លើ​ស្មា ដោយ​អំណរ។ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​ហៅ​មិត្ត​សម្លាញ់ និង​ពួក​អ្នក​ជិត​ខាង​របស់​ខ្លួន​មក ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ខ្ញុំ​បាន​រក​ឃើញ​វិញ​ហើយ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌​នឹង​មាន​សេចក្តី​ត្រេក‌អរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់ដែល​ប្រែ​ចិត្ត ជាង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត»។ «ម៉្យាងទៀត តើមាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​ដប់​ដួង តែ​បាត់​មួយ ហើយ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​អស់​ពី​ចិត្ត រហូត​ទាល់​តែ​បាន​ឃើញ​ទេ​ឬ? កាល​រក​ឃើញ​ហើយ នាង​ក៏​ហៅ​មិត្ត​សម្លាញ់ និង​អ្នក​ជិត​ខាង ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ"។ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់។ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា "លោក​ឪពុក សូម​ប្រគល់​ចំណែក​មត៌ក ដែល​ត្រូវ​ចែក​ឲ្យ​ខ្ញុំ​នោះ​មក"។ ឪពុក​ក៏​ចែក​ទ្រព្យ​ឲ្យ​កូន។ ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទ្រព្យ​ទាំង​អស់ ចេញ​ទៅ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​របស់​ខ្លួន ដោយ​ការ​រស់​នៅ​យ៉ាង​ខ្ជះ‌ខ្ជាយ។ កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ ហើយ​គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត។ ដូច្នេះ គាត់​ក៏​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​គាត់​ឲ្យ​ទៅ​ឃ្វាល​ហ្វូង​ជ្រូក​នៅ​ឯ​វាល។ គាត់​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សម្បក ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ។ ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា "អ្នក​បម្រើ​ដែល​ស៊ី​ឈ្នួល​របស់​ឪពុក​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ។ ខ្ញុំ​នឹង​ក្រោក​ឡើង ទៅ​និយាយ​ជា​មួយ​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ និង​ចំពោះ​លោក​ឪពុក ខ្ញុំ​នេះ​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​របស់​លោក​ឪពុក​ចុះ"។ ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។ កូន​ពៅ​និយាយទៅឪពុក​ថា "លោក​ឪពុក កូន​បាន​ប្រព្រឹត្តអំពើ​បាប​ចំពោះ​ព្រះ និង​ចំពោះ​លោក​ឪពុក កូន​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ"។ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក មក​កាប់​ជប់លៀង ហើយ​បរិ‌ភោគ​ឲ្យ​សប្បាយ​ចុះ ដ្បិត​កូន​យើង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ តែ​បាន​ឃើញ​វិញ​ហើយ"។ គេ​ក៏​ចាប់​ផ្តើម​ជប់​លៀង​សប្បាយ។ ឯ​កូន​ច្បង​នៅ​ឯ​ចម្ការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ គាត់​ហៅ​បាវ​បម្រើ​ម្នាក់​មក​សួរ​ថា តើ​គេ​ធ្វើ​អ្វី​ហ្នឹង? បាវ​បម្រើ​នោះ​ជម្រាប​ថា "ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​ឪពុក​របស់​លោក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ព្រោះ​កូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត"។

ចែក​រំលែក
អាន លូកា 15

លូកា 15:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អ្នក​ទារ​ពន្ធ* និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​រអ៊ូ‌រទាំ​ថា៖ «មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​នេះ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ-ក ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះអង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ​ប្រែ​ចិត្ត​គំនិត»។ «ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង* ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀង បោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ព្រះ‌ជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​មាន​កូន​ប្រុស​ពីរ​នាក់។ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។ ពេល​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក កូន​ពៅ​នោះ​ចាប់​ផ្ដើម​ខ្វះ​ខាត។ គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។ គាត់​ចង់​ចម្អែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។ ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។ អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជម្រាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។ លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។ កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ”។ ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។ ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។ ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចម្រៀង​របាំ គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។ អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។

ចែក​រំលែក
អាន លូកា 15

លូកា 15:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​ទាំង​អ្នក​យក​ពន្ធ នឹង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់ នោះ​ពួក​ផារិស៊ី នឹង​ពួក​អាចារ្យ​គេ​ឌុក‌ដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង តែ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោ‌ស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ នឹង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។ ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នឹង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។ រួច​ទ្រង់​ក៏​មាន​បន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្ដី​ទ័ល‌ក្រ រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន នឹង​ស្បែក​ជើង​មក​ឲ្យ​ផង រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង​នឹង​របាំ គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត

ចែក​រំលែក
អាន លូកា 15