លូកា 14:7-11
លូកា 14:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គសង្កេតឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា៖ «បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅចូលរួមពិធីមង្គលការ សូមកុំអង្គុយត្រង់កន្លែងល្អប្រសើរឡើយ ក្រែងជួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ហើយកាលណាម្ចាស់ដើមការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយជាមួយអ្នកថា "ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ" នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេមិនខាន។ ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាម្ចាស់ដើមការមកដល់ នោះគាត់នឹងនិយាយថា "សម្លាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខនេះមក៍" ពេលនោះ អ្នកនឹងមានកិត្តិយស នៅចំពោះអស់អ្នកដែលអង្គុយនៅតុជាមួយគ្នា។ ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
លូកា 14:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
លូកា 14:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។