លូកា 14:15-23
លូកា 14:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលម្នាក់ដែលអង្គុយនៅតុជាមួយបានឮពាក្យទាំងនោះ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះ!»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយបានអញ្ជើញមនុស្សជាច្រើន។ លុះជិតដល់ពេលជប់លៀង លោកចាត់បាវបម្រើឲ្យទៅប្រាប់ពួកភ្ញៀវថា "សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ"។ ប៉ុន្តែ គេចាប់ផ្តើមដោះសាទាំងអស់គ្នា។ អ្នកមុននិយាយថា "ខ្ញុំបានទិញចម្ការ ហើយខ្ញុំត្រូវទៅមើលចម្ការនោះ សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅទឹមវាសាកមើល សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំទើបនឹងរៀបការប្រពន្ធ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន"។ បាវបម្រើនោះក៏ត្រឡប់មកវិញ ជម្រាបចៅហ្វាយខ្លួនតាមដំណើរនោះ។ ដូច្នេះ លោកប្រាប់ទៅបាវបម្រើ ទាំងកំហឹងថា "ចូរប្រញាប់ចេញទៅតាមផ្លូវតូចធំនៅទីក្រុង នាំអស់មនុស្សក្រីក្រ ពិការ ខ្វាក់ និងខ្ញើច ចូលមកឲ្យឆាប់"។ បាវបម្រើនោះក៏ជម្រាបថា "លោកម្ចាស់ កិច្ចការដែលលោកបង្គាប់ឲ្យខ្ញុំធ្វើនោះ រួចរាល់ហើយ តែនៅមានសល់កន្លែងទៀត"។ ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។
លូកា 14:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ពេលជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។
លូកា 14:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ នឹងខ្ញើច ចូលមកឲ្យឆាប់ បាវនោះក៏ជំរាបថា លោក ការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ