លូកា 14:1-6

លូកា 14:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ នៅ​ផ្ទះ​មេ​ដឹក​នាំ​របស់​ពួក​ផារិស៊ីម្នាក់ ហើយ​ពួកគេ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គយ៉ាង​ដិត​ដល់។ ពេល​នោះ មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ពី​មុខ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា៖ «តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ ប៉ុន្តែ គេ​នៅ​ស្ងៀម ពេលនោះ​ព្រះ‌អង្គ​ហៅ​គាត់​មក ប្រោសគាត់​ឲ្យ​ជា រួច​ឲ្យ​គាត់ចេញ​ទៅ។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​កូន​ប្រុស ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​មិន​ស្រង់​វា​ចេញ​ភ្លាមៗ​នៅ​ពេល​នោះ​ទេ​ឬ?» ពួក​គេ​ពុំ​អាច​ឆ្លើយ​នឹង​ព្រះ‌អង្គ​ពី​សេចក្តី​នេះ​បាន​ឡើយ។

ចែក​រំលែក
អាន លូកា 14

លូកា 14:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី*​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គ។ មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះ‌យេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។ គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​អំពី​សេចក្ដី​ទាំង​នេះ​ឡើយ។

ចែក​រំលែក
អាន លូកា 14

លូកា 14:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារិស៊ី ពួក​នោះ​ក៏​រិះ‌គន់​មើល​ទ្រង់ គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់ ទ្រង់​មាន​បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ នឹង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។

ចែក​រំលែក
អាន លូកា 14