លូកា 14:1-14

លូកា 14:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ នៅ​ផ្ទះ​មេ​ដឹក​នាំ​របស់​ពួក​ផារិស៊ីម្នាក់ ហើយ​ពួកគេ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គយ៉ាង​ដិត​ដល់។ ពេល​នោះ មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ពី​មុខ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា៖ «តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ ប៉ុន្តែ គេ​នៅ​ស្ងៀម ពេលនោះ​ព្រះ‌អង្គ​ហៅ​គាត់​មក ប្រោសគាត់​ឲ្យ​ជា រួច​ឲ្យ​គាត់ចេញ​ទៅ។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​កូន​ប្រុស ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​មិន​ស្រង់​វា​ចេញ​ភ្លាមៗ​នៅ​ពេល​នោះ​ទេ​ឬ?» ពួក​គេ​ពុំ​អាច​ឆ្លើយ​នឹង​ព្រះ‌អង្គ​ពី​សេចក្តី​នេះ​បាន​ឡើយ។ ពេល​ព្រះ‌អង្គ​សង្កេត​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប‌ធៀប​ទៅ​គេ​ថា៖ «បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​ចូល​រួម​ពិធីមង្គលការ សូម​កុំ​អង្គុយ​ត្រង់​កន្លែង​ល្អ​ប្រសើរ​ឡើយ ក្រែង​ជួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ហើយ​កាល​ណា​ម្ចាស់​ដើម​ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​ជា​មួយ​អ្នក​ថា "ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ" នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​មិន​ខាន។ ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​ម្ចាស់​ដើម​ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា "សម្លាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខនេះ​មក៍" ពេលនោះ អ្នក​នឹងមាន​កិត្តិយស នៅ​ចំពោះ​អស់​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា។ ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​បាន​យាង​ព្រះ‌អង្គ​ថា៖ «កាល​ណា​អ្នក​ហៅ​ភ្ញៀវ​ជប់​លៀង​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​ពួក​សម្លាញ់ បង‌ប្អូន​សាច់​ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​វិញ។ ប៉ុន្តែ ពេល​អ្នក​រៀប​ជប់​លៀង ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ។ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​ទេ តែ​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ការ​តប​ស្នង​វិញ»។

ចែក​រំលែក
អាន លូកា 14

លូកា 14:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី*​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គ។ មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះ‌យេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។ គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​អំពី​សេចក្ដី​ទាំង​នេះ​ឡើយ។ ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖ «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀង ក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុក​សម្រាប់​ភ្ញៀវ​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្តិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក ដែល​បាន​យាង​ព្រះអង្គ​មក​សោយ​ព្រះ‌ស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បងប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។ ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង​ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។

ចែក​រំលែក
អាន លូកា 14

លូកា 14:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារិស៊ី ពួក​នោះ​ក៏​រិះ‌គន់​មើល​ទ្រង់ គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់ ទ្រង់​មាន​បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ នឹង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។ កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ចួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក នឹង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល‌ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក ដែល​បាន​អញ្ជើញ​ទ្រង់​ថា កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់‌ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច នឹង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ។

ចែក​រំលែក
អាន លូកា 14