លូកា 13:22-30
លូកា 13:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយតម្រង់ឆ្ពោះទៅក្រុងយេរូសាឡិម។ មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។ កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។ ពេលអ្នករាល់គ្នានឹងចាប់ផ្តើមទូលថា "យើងខ្ញុំធ្លាប់ទទួលទានជាមួយព្រះអង្គ ហើយព្រះអង្គក៏បានបង្រៀនយើងខ្ញុំនៅតាមផ្លូវដែរ"។ ប៉ុន្តែ ព្រះអង្គនឹងមានព្រះបន្ទូលថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ ចូរថយចេញពីយើងទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ"។ នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។ ហើយមើល៍! នឹងមានអ្នកក្រោយទៅជាមុន និងអ្នកមុនទៅជាក្រោយវិញ»។
លូកា 13:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ប៉ុន្តែ គេមិនអាចចូលឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិសទាំងបួនចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
លូកា 13:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ តែទ្រង់នឹងមានបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញនៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។