លូកា 13:1-32
លូកា 13:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវ ពីរឿងពួកស្រុកកាលីឡេ ដែលលោកពីឡាត់បានយកឈាមរបស់គេ លាយនឹងយញ្ញបូជា នៅពេលគេកំពុងថ្វាយ។ ព្រះអង្គមានព្រះបន្ទូលសួរទៅអ្នកទាំងនោះថា៖ «តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាបលើសជាងពួកកាលីឡេផ្សេងទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។ ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់ មានដើមល្វាដុះក្នុងចម្ការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ ក៏និយាយទៅអ្នករក្សាចម្ការថា "មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ តែរកមិន។ ចូរកាប់វាចោលទៅ! តើទុកវាបង្ខាតដីធ្វើអ្វី?" តែអ្នកនោះឆ្លើយថា "សូមលោកទុកនៅមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី សាកមើល ក្រែងកើតមានផលផ្លែ បើគ្មានទេ នោះសឹមកាប់ចោលទៅចុះ"»។ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ នៅថ្ងៃសប្ប័ទ។ ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។ ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។ ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។ ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃសប្ប័ទទេឬ? ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?» កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើព្រះរាជ្យរបស់ព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងព្រះរាជ្យ? ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនច្បារ គ្រាប់ពូជនោះដុះឡើង ទៅជាដើមឈើមួយ ហើយសត្វហើរលើអាកាសក៏មកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ «តើគួរឲ្យខ្ញុំធៀបព្រះរាជ្យរបស់ព្រះដូចជាអ្វី? ព្រះរាជ្យរបស់ព្រះប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់»។ ព្រះយេស៊ូវក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយតម្រង់ឆ្ពោះទៅក្រុងយេរូសាឡិម។ មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។ កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។ ពេលអ្នករាល់គ្នានឹងចាប់ផ្តើមទូលថា "យើងខ្ញុំធ្លាប់ទទួលទានជាមួយព្រះអង្គ ហើយព្រះអង្គក៏បានបង្រៀនយើងខ្ញុំនៅតាមផ្លូវដែរ"។ ប៉ុន្តែ ព្រះអង្គនឹងមានព្រះបន្ទូលថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ ចូរថយចេញពីយើងទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ"។ នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។ ហើយមើល៍! នឹងមានអ្នកក្រោយទៅជាមុន និងអ្នកមុនទៅជាក្រោយវិញ»។ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា "មើល៍! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ដល់ថ្ងៃទីបី ខ្ញុំនឹងបានសម្រេចកិច្ចការរបស់ខ្ញុំហើយ។
លូកា 13:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សមានបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។ ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី? ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ប៉ុន្តែ គេមិនអាចចូលឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិសទាំងបួនចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូចនោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។
លូកា 13:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ តែទ្រង់មានបន្ទូលឆ្លើយទៅអ្នកទាំងនោះថា តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាប លើសជាងសាសន៍កាលីឡេឯទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។ រួចទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ ក៏និយាយទៅអ្នករក្សាចំការថា មើល ៣ឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ មិនដែលបានសោះ ដូច្នេះ ចូរកាប់ចោលទៅ ទុកឲ្យនៅបង្ខាតដីធ្វើអី តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី លមើល ក្រែងកើតមានផលផ្លែឡើង បើគ្មានទេ នោះសូមកាប់ចោលទៅចុះ។ កាលព្រះយេស៊ូវ ទ្រង់កំពុងតែបង្រៀនក្នុងសាលាប្រជុំ១ នៅថ្ងៃឈប់សំរាក នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ រួចទ្រង់ដាក់ព្រះហស្តលើគាត់ នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ នោះព្រះអម្ចាស់ ទ្រង់មានបន្ទូលឆ្លើយទៅគាត់ថា មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃឈប់សំរាកទេឬអី ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់១៨ឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃឈប់សំរាកដែរទេឬអី កាលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះអស់អ្នកដែលទាស់នឹងទ្រង់ ក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាមនុស្ស គេកើតមានសេចក្ដីអំណរ ចំពោះគ្រប់ទាំងការឧត្តម ដែលទ្រង់ធ្វើនោះវិញ។ ទ្រង់មានបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ គឺធៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងច្បារខ្លួន វាដុះឡើងទៅជាដើមឈើយ៉ាងធំ ហើយសត្វហើរលើមេឃក៏មកទំនៅមែកបាន ទ្រង់ក៏មានបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។ ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ តែទ្រង់នឹងមានបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញនៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក តែទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើល ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ