លូកា 13:1-17
លូកា 13:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវ ពីរឿងពួកស្រុកកាលីឡេ ដែលលោកពីឡាត់បានយកឈាមរបស់គេ លាយនឹងយញ្ញបូជា នៅពេលគេកំពុងថ្វាយ។ ព្រះអង្គមានព្រះបន្ទូលសួរទៅអ្នកទាំងនោះថា៖ «តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាបលើសជាងពួកកាលីឡេផ្សេងទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។ ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់ មានដើមល្វាដុះក្នុងចម្ការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ ក៏និយាយទៅអ្នករក្សាចម្ការថា "មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ តែរកមិន។ ចូរកាប់វាចោលទៅ! តើទុកវាបង្ខាតដីធ្វើអ្វី?" តែអ្នកនោះឆ្លើយថា "សូមលោកទុកនៅមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី សាកមើល ក្រែងកើតមានផលផ្លែ បើគ្មានទេ នោះសឹមកាប់ចោលទៅចុះ"»។ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ នៅថ្ងៃសប្ប័ទ។ ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។ ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។ ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។ ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃសប្ប័ទទេឬ? ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?» កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។
លូកា 13:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សមានបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។ ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី? ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
លូកា 13:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ តែទ្រង់មានបន្ទូលឆ្លើយទៅអ្នកទាំងនោះថា តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាប លើសជាងសាសន៍កាលីឡេឯទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។ រួចទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ ក៏និយាយទៅអ្នករក្សាចំការថា មើល ៣ឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ មិនដែលបានសោះ ដូច្នេះ ចូរកាប់ចោលទៅ ទុកឲ្យនៅបង្ខាតដីធ្វើអី តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី លមើល ក្រែងកើតមានផលផ្លែឡើង បើគ្មានទេ នោះសូមកាប់ចោលទៅចុះ។ កាលព្រះយេស៊ូវ ទ្រង់កំពុងតែបង្រៀនក្នុងសាលាប្រជុំ១ នៅថ្ងៃឈប់សំរាក នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ រួចទ្រង់ដាក់ព្រះហស្តលើគាត់ នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ នោះព្រះអម្ចាស់ ទ្រង់មានបន្ទូលឆ្លើយទៅគាត់ថា មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃឈប់សំរាកទេឬអី ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់១៨ឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃឈប់សំរាកដែរទេឬអី កាលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះអស់អ្នកដែលទាស់នឹងទ្រង់ ក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាមនុស្ស គេកើតមានសេចក្ដីអំណរ ចំពោះគ្រប់ទាំងការឧត្តម ដែលទ្រង់ធ្វើនោះវិញ។