លូកា 12:17-22
លូកា 12:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?" អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។
លូកា 12:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ
លូកា 12:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល នឹងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ។ ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ