លូកា 12:1-48
លូកា 12:1-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងមានព្រះបន្ទូល មានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នា ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅពួកសិស្សមុនគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី គឺជាពុតត្បុតរបស់គេ។ គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។ ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកនៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ»។ «មិត្តសម្លាញ់ខ្ញុំអើយ ខ្ញុំសូមប្រាប់ថា កុំខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។ តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ ខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដូចគ្នា។ ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។ ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។ មានមនុស្សម្នាក់ក្នុងចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យចែកមត៌កមកខ្ញុំផង»។ ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?» រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។ ទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថា៖ «មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?" អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ឯជីវិត នោះវិសេសជាងចំណីអាហារ ហើយរូបកាយ ក៏វិសេសជាងសម្លៀកបំពាក់ដែរ។ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត? តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកម្ពស់ខ្លួនឡើងមួយហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ? ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ ចុះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀត? ចូរពិចារណាពីផ្កាឈូក ដែលវាដុះ តើមានសភាពដូចម្តេច? វាមិនដែលនឿយហត់នឹងធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង នោះមិនបានតែងអង្គដូចជាផ្កាមួយនោះផង។ ប្រសិនបើព្រះតុបតែងតិណជាតិដែលដុះនៅវាល ដែលរស់នៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រានយ៉ាងនោះទៅហើយ តើព្រះអង្គនឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត? ឱមនុស្សមានជំនឿតិចអើយ! កុំស្វែងរកតែគ្រឿងសម្រាប់បរិភោគ ហើយកុំថប់បារម្ភឡើយ។ ដ្បិតអស់ទាំងសាសន៍ដទៃនៅលើពិភពលោកនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ ព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការរបស់ទាំងនោះ។ ចូរខំស្វែងរកព្រះរាជ្យរបស់ព្រះវិញ ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។ ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។ «ចូរប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នកនៅឆេះជានិច្ច។ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្សដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារ នោះគេបានបើកទ្វាឲ្យលោកភ្លាម។ ពួកបាវបម្រើដែលចៅហ្វាយមកដល់ ហើយឃើញថាកំពុងតែនៅរង់ចាំលោក អ្នកបម្រើនោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ចង្កេះ មកបម្រើគេវិញ។ បើលោកមកដល់ក្នុងយាមទីពីរ ឬយាមទីបី ហើយឃើញគេនៅរង់ចាំដូច្នេះ បាវបម្រើនោះមានពរហើយ។ តែត្រូវដឹងសេចក្តីនេះថា បើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅវេលាណា នោះគាត់នឹងចាំយាម មិនឲ្យចោរទម្លុះផ្ទះបានឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។ ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល? បើកាលចៅហ្វាយមកដល់ ឃើញបាវបម្រើនោះកំពុងតែធ្វើដូច្នោះ នោះគាត់មានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់។ ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។ បាវបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
លូកា 12:1-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្ស*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស*នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា*របស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
លូកា 12:1-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់កំពុងតែមានបន្ទូល នោះមានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នាឯង ទ្រង់ក៏ចាប់តាំងមានបន្ទូលនឹងពួកសិស្សជាមុនដំបូងថា ចូរអ្នករាល់គ្នាប្រយ័តនឹងដំបែពួកផារិស៊ី ដែលជាសេចក្ដីកំពុត គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀប ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ ដូច្នេះ គ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្ដីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ តែពួកសំឡាញ់អើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្លាចអ្នកណាដែលសំឡាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សំឡាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង អើ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ ឯអស់អ្នកណា ដែលពោលពាក្យ ទាស់នឹងកូនមនុស្ស នោះនឹងបានអត់ទោសឲ្យ តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះមិនបានអត់ទោសឲ្យឡើយ កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។ មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង ទ្រង់ឆ្លើយតបថា ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា រួចទ្រង់មានបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ ទ្រង់ក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល នឹងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ។ ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត នោះវិសេសជាងអាហារចំណី ហើយរូបកាយ ក៏វិសេសជាងស្លៀកបំពាក់ដែរ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំងគ្មានជង្រុកអ្វីផង តែព្រះទ្រង់ចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានដំឡៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកំពស់ខ្លួនឡើង១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ នោះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀតធ្វើអី ចូរពិចារណាពីផ្កាឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១នោះផង ឯតិណជាតិដែលដុះឡើងដូច្នេះ ហើយថ្ងៃនេះមាន តែថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រាន នោះបើព្រះទ្រង់តុបតែងវាយ៉ាងដូច្នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់នឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត កុំឲ្យស្វែងរកតែគ្រឿងសំរាប់បរិភោគ ហើយកុំថប់បារម្ភឡើយ ដ្បិតអស់ទាំងសាសន៍ដទៃនៅលោកីយនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ នោះព្រះវរបិតានៃអ្នកទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះ ចូរខំស្វែងរកនគរព្រះវិញ នោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាផង កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។ ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ តែត្រូវដឹងសេចក្ដីនេះថា បើម្ចាស់ផ្ទះដឹងជាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម មិនឲ្យចោរទំលុះផ្ទះបានទេ ដូច្នេះ ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។ ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ ព្រះអម្ចាស់ទ្រង់មានបន្ទូលតបថា ចុះតើអ្នកណាជានាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់ ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង អ្នកបំរើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន ឯអ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង។