លូកា 11:5-14
លូកា 11:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅរកអ្នកនោះទាំងពាក់កណ្តាលអធ្រាត្រថា "សម្លាញ់អើយ សូមឲ្យខ្ញុំខ្ចីនំបុ័ងបីដុំសិន ដ្បិតមានសម្លាញ់ខ្ញុំម្នាក់ ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្ញុំគ្មានអ្វីទទួលគេសោះ"។ អ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា "កុំមករំខានចិត្តខ្ញុំអី ព្រោះទ្វារបិទហើយ កូនខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំក្រោកទៅយកឲ្យឯងពុំបានទេ"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច។ ដូច្នេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។ ក្នុងចំណោមអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅកូន ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ? បើកូនសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬ? បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។ គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ
លូកា 11:5-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា “សម្លាញ់អើយ! ឲ្យគ្នាខ្ចីនំប៉័ងបីដុំសិនមក ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំប៉័ងឲ្យសម្លាញ់ឯងទេ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប៉័ង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្តសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរកតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរពិសឲ្យវាទេ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឲ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យអស់អ្នក ដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។ ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។
លូកា 11:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។ គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ