លូកា 11:45-54

លូកា 11:45-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​មាន​ន័យ​ថា​ត្មះ‌តិះ‌ដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​មួយ​ឆ្កឹះ​បន្ទុក​នោះ​ផង។ វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ពួក​ហោរា ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​សម្លាប់។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។ ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​របស់​ព្រះ​បាន​សម្តែង​ថា "យើង​នឹងចាត់​ពួក​ហោរា និង​ពួក​សាវក​ឲ្យទៅ​រក​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ" ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ​តាំង​ពី​កំណើត​ពិភព​លោក​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សម្លាប់ នៅ​ចន្លោះ​អាសនា និងទីបរិសុទ្ធ។ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ដឹង​ចេញ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ថែម​ទាំង​រាំងរា​អស់អ្នកដែល​កំពុង​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ ពេល​ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្តើម​ជំរុញ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ជា​ច្រើន ដោយ​ចាំ​ចាប់​កំហុស​ព្រះ‌អង្គ ដើម្បីរក​ហេតុ​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន លូកា 11

លូកា 11:45-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា លោក​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹង‌រ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​ជួយ​ផង។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។ ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វបុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។ ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ ពេល​ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះអង្គ។

ចែក​រំលែក
អាន លូកា 11

លូកា 11:45-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ‌តិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​ឰយុកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​ឰយុកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់​នៅ​កណ្តាល​អាសនា នឹង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។ កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

ចែក​រំលែក
អាន លូកា 11