លូកា 11:29-32
លូកា 11:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មហាជនប្រជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេរកតែទីសម្គាល់ទេ តែគ្មានទីសម្គាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ ដ្បិតលោកយ៉ូណាសជាទីសម្គាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា កូនមនុស្សក៏នឹងបានជាទីសម្គាល់ដល់មនុស្សជំនាន់នេះយ៉ាងដូច្នោះដែរ។ នៅថ្ងៃជំនុំជម្រះ មហាក្សត្រិយ៍ស្រុកខាងត្បូង នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេ ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញាព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះមានអ្វីមួយវិសេសលើសជាងព្រះបាទសាឡូម៉ូនទៅទៀត។ នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេដែរ ព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល៍! នៅទីនេះមានមួយអង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។
លូកា 11:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់ឃើញតែទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
លូកា 11:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល នៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។