លូកា 11:14-23
លូកា 11:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ តែខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។ អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។ ព្រះយេស៊ូវជ្រាបពីគំនិតគេ ក៏មានព្រះបន្ទូលថា៖ «អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នគរនោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង ផ្ទះនោះនឹងត្រូវរលំទៅជាមិនខាន។ ប្រសិនបើសាតាំងបែកបាក់ទាស់ទែងគ្នាឯង ធ្វើដូចម្តេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ ប៉ុន្តែ បើអ្នកណាខ្លាំងជាង មកវាយឈ្នះគាត់កាលណា នោះគេដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះ រួចប្លន់យកជ័យភណ្ឌទៅចែកគ្នាហើយ។ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកម្ចាត់កម្ចាយវិញ»។
លូកា 11:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអារក្សបានប្រគល់អំណាចឲ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំង*បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាងមកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
លូកា 11:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសំគាល់១មកពីលើមេឃ តែទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកំចាត់កំចាយវិញ