លូកា 10:17-21
លូកា 10:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។
លូកា 10:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសាវ័ក*ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង*ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាឡើយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។
លូកា 10:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ