លេវីវិន័យ 9:1-24

លេវីវិន័យ 9:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​ក៏​ហៅ​លោក​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។ រួច​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​មួយ​ពី​ហ្វូង​សត្វ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ បន្ទាប់មក ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "ចូរ​យក​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​គោ​មួយ ហើយ​កូន​ចៀម​មួយ ដែល​ទាំង​ពីរ​មាន​អាយុ​មួយ​ខួបៗ ហើយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត ព្រម​ទាំង​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​តង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា"»។ គេ​ក៏​យក​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ នោះ​លោក​ម៉ូសេ​ប្រកាស​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម យ៉ាង​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។ លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​បង សម្រាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​ពួក​ជន​ផង រួច​ថ្វាយ​តង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក »។ លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនា សម្លាប់​កូន​គោ​ទុក​ជា​តង្វាយ​លោះ​បាប​ដែល​សម្រាប់​ខ្លួន ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម យក​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ចាក់​ឈាម​ទាំង​ប៉ុន្មាន​នៅ​ត្រង់​ជើង​អាសនា។ ឯ​ខ្លាញ់ អង្គញ់​ទាំង​ពីរ និង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ តែ​សាច់ និង​ស្បែក នោះ​បាន​ដុត​ក្នុង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ។ លោក​ក៏​សម្លាប់​សត្វ​ជា​តង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំ​វិញ​លើ​អាសនា។ ពួក​កូន​ក៏​យក​តង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា។ ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​តង្វាយ​ដែល​នៅ​លើ​អាសនា​ផង។ បន្ទាប់​មក លោក​ថ្វាយ​តង្វាយ​របស់​ប្រជា‌ជន លោក​យក​ពពែ​ជា​តង្វាយ​លោះ​បាប ដែល​សម្រាប់​ប្រជា‌ជន​មក​សម្លាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ។ រួច​ក៏​យក​តង្វាយ​ដុត​មក​ថ្វាយ​តាម​របៀប ហើយ​លោក​ក៏​ថ្វាយ​តង្វាយ​ម្សៅ​ដែរ លោក​យក​មួយ​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​តង្វាយ​ដុត​ពេល​ព្រឹក។ រួច​មក​លោក​សម្លាប់​គោ​ឈ្មោល និង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​សម្រាប់​ប្រជា‌ជន។ ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ក៏​ប្រោះ​ឈាម​នោះទៅ​លើជ្រុង​ទាំង​អស់​នៃ​អាសនា ហើយ​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល កន្ទុយ​ជាប់​ខ្លាញ់ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ក្រលៀន​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​ជាប់នឹង​ក្រលៀន ព្រម​ទាំង​ស្រទាប់​ថ្លើម​ផង។ គេ​ដាក់​ខ្លាញ់​ពី​លើ​ទ្រូង រួច​លោក​អើរ៉ុន​ក៏​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនា ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក។ លោក​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ប្រជា‌ជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​តង្វាយ​លោះ​បាប តង្វាយ​ដុត និង​តង្វាយ​មេត្រី លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​ប្រជា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា។ ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​តង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​ប្រជា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

ចែក​រំលែក
អាន លេវីវិន័យ 9

លេវីវិន័យ 9:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ប្រាំ‌បី លោក​ម៉ូសេ​កោះ​ហៅ​លោក​អើរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ឲ្យ​មក។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក ត្រូវ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​គោ និង​កូន​ចៀម​មួយ ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព រួម​ជា​មួយ​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ព្រះអង្គ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែល​ព្រះ‌អម្ចាស់​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះ​ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​សូម​ព្រះអង្គ​លើក‌លែង​ទោស​បង និង​ប្រជា‌ជន ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ថ្វាយ​តង្វាយ​របស់​ប្រជា‌ជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់»។ លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​ចាក់​ក​កូន​គោ សម្រាប់​រំដោះ​បាប​របស់​លោក​ផ្ទាល់។ កូន​របស់​លោក​លើក​ឈាម​សត្វ​ជូន​លោក ហើយ​លោក​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក លោក​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​អាសនៈ។ លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។ លោក​អើរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។ លោក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញ‌បូជា​រំដោះ​បាប​មុន​ដែរ។ លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តាម​ក្បួន​ច្បាប់។ លោក​ថ្វាយ​តង្វាយ​ម្សៅ ដោយ​យក​ម្សៅ​មួយ​ក្ដាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ថ្វាយ​នៅ​ពេល​ព្រឹក។ លោក​ចាក់​ក​គោ​បា និង​ចៀម​ឈ្មោល ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន ក្រលៀន និង​ថ្លើម ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អើរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក លោក​អើរ៉ុន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្ដាំ ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ​បាន​បង្គាប់។ ក្រោយ​ពី​បាន​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។ លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

ចែក​រំលែក
អាន លេវីវិន័យ 9

លេវីវិន័យ 9:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​៨ ម៉ូសេ​ក៏​ហៅ​អើរ៉ុន នឹង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង រួច​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​យក​កូន​គោ​១​ពី​ហ្វូង​សត្វ សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​កូន​គោ​១ ហើយ​កូន​ចៀម​១ ដែល​ទាំង​២​មាន​អាយុ​១​ខួបៗ ហើយ​ឥត‌ខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត ព្រម​ទាំង​គោ​ឈ្មោល​១ នឹង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា គេ​ក៏​នាំ​យក​ដង្វាយ​ដែល​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ម៉ូសេ​ប្រកាស​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម យ៉ាង​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ។ ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​ទៅ​ឯ​អាសនា ហើយ​ថ្វាយ​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​បង សំរាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង រួច​ថ្វាយ​ដង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក អើរ៉ុន​ក៏​ចូល​ទៅ​ឯ​អាសនា សំឡាប់​កូន​គោ​ទុក​ជា​ដង្វាយ​លោះ​បាប​ដែល​សំរាប់​ខ្លួន ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម យក​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ចាក់​ឈាម​ទាំង​ប៉ុន្មាន​នៅ​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់ នឹង​អង្គញ់​ទាំង​២ ហើយ​នឹង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ តែ​ឯ​សាច់ នឹង​ស្បែក នោះ​បាន​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ លោក​ក៏​សំឡាប់​ដង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំវិញ​លើ​អាសនា ពួក​កូន​ក៏​យក​ដង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា ឯ​អាការៈ​ខាង​ក្នុង​នឹង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា​ផង។ បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ រួច​ក៏​យក​ដង្វាយ​ដុត មក​ថ្វាយ​តាម​របៀប ហើយ​លោក​ក៏​ថ្វាយ​ដង្វាយ​ម្សៅ​ដែរ លោក​យក​១​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​ដង្វាយ​ដុត​ពេល​ព្រឹក រួច​មក​លោក​សំឡាប់​គោ​ឈ្មោល នឹង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រីដែល​សំរាប់​ពួក​ជន ឯ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា ពួក​កូន​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល​នឹង​ចៀម​ឈ្មោល កន្ទុយ នឹង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ស្រទាប់​ថ្លើម​ផង គេ​ដាក់​ខ្លាញ់​ពី​លើ​ទ្រូង រួច​អើរ៉ុន​ក៏​ដុត​ខ្លាញ់​ទាំង​នោះ នៅ​លើ​អាសនា ហើយ​គ្រវី​ទ្រូង នឹង​ស្មា​ខាង​ស្តាំ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ូសេ​បាន​បង្គាប់​មក។ នោះ​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ពួក​បណ្តាជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​ដង្វាយ​លោះ​បាប ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តាជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តាជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

ចែក​រំលែក
អាន លេវីវិន័យ 9