លេវីវិន័យ 7:1-38
លេវីវិន័យ 7:1-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជារបៀបថ្វាយតង្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត គឺត្រូវសម្លាប់សត្វដែលត្រូវថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា។ ត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ និងខ្លាញ់ដែលរុំអាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង។ រួចសង្ឃត្រូវដុតថ្វាយនៅលើអាសនា ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាតង្វាយសម្រាប់ថ្វាយ ដោយព្រោះការរំលង។ អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត។ ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែមួយសម្រាប់តង្វាយទាំងពីរយ៉ាង សង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះ។ ឯសង្ឃណាដែលថ្វាយតង្វាយដុតរបស់អ្នកណា សង្ឃនោះត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ខ្លួន។ អស់ទាំងតង្វាយម្សៅទាំងប៉ុន្មាន ដែលចម្អិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ។ ប៉ុន្តែ គ្រប់ទាំងតង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ពួកកូនអើរ៉ុនគ្រប់គ្នាវិញ»។ នេះជារបៀបថ្វាយយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា។ បើអ្នកណាថ្វាយតង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែលាយដោយប្រេង ហើយនំក្រៀបឥតដំបែលាយដោយប្រេង និងនំចៀនធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង មកថ្វាយជាមួយយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណ ហើយត្រូវយកនំបុ័ងមានដំបែមកថែមនឹងនំទាំងនោះ សម្រាប់ជាតង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយយញ្ញបូជានៃតង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ។ ត្រូវយកនំមួយ ពីរាល់តែតង្វាយយ៉ាងនោះ សម្រាប់ជាតង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់សង្ឃណាដែលប្រោះឈាមតង្វាយមេត្រី។ ឯសាច់នៃយញ្ញបូជារបស់តង្វាយមេត្រី ដែលសម្រាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ។ ប៉ុន្តែ បើយញ្ញបូជានោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះ ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ។ ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងទៅ។ បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាតង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទីបី យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ តង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម អស់អ្នកណាដែលបរិភោគ នោះនឹងត្រូវមានទោសដែរ។ សាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតក្នុងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន។ បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាតង្វាយមេត្រីដែលជារបស់ព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន។ បើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្ដីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាតង្វាយមេត្រីរបស់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "កុំឲ្យអ្នករាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវបរិភោគឡើយ។ ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។ ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់អ្នករាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើងបួនក្តី។ អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "អ្នកណាដែលថ្វាយយញ្ញបូជា ជាតង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយកមួយផ្នែកពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា ដៃអ្នកនោះត្រូវយកតង្វាយដែលសម្រាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ រួចត្រូវឲ្យសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់លោកអើរ៉ុន និងពួកកូនលោក។ ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលអ្នករាល់គ្នាថ្វាយជាតង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាតង្វាយលើកចុះឡើង។ អ្នកណាក្នុងពួកកូនលោកអើរ៉ុនដែលថ្វាយឈាម និងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន។ ដ្បិតយើងបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយតង្វាយមេត្រី ប្រគល់ដល់លោកអើរ៉ុន និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ។ នេះហើយជាចំណែករបស់លោកអើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យបម្រើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ។ គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់គេតរៀងទៅ"»។ ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលព្រះអង្គបានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
លេវីវិន័យ 7:1-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាលោះបាប គឺជាយញ្ញបូជាដ៏វិសុទ្ធ*បំផុត។ ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលជាប់ពោះវៀន ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ លោកបូជាចារ្យដុតចំណែកទាំងនោះលើអាសនៈ ជាតង្វាយដុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាយញ្ញបូជាលោះបាប។ ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ ក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីយញ្ញបូជាលោះបាប ក៏ដូចក្រឹត្យវិន័យស្ដីអំពីយញ្ញបូជារំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីរំដោះបាប»។ «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយនោះ ត្រូវបានជាចំណែករបស់បូជាចារ្យ។ តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។ រីឯតង្វាយម្សៅទាំងប៉ុន្មាន ដែលលាយជាមួយប្រេង ឬមិនទាន់លាយក្ដី ត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់អើរ៉ុន»។ «នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់។ ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយ សម្រាប់សម្តែងការអរព្រះគុណ ត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេង នំក្រៀប លាយជាមួយប្រេង និងនំធ្វើពីម្សៅម៉ដ្ដលាយជាមួយប្រេង មកថ្វាយជាមួយយញ្ញបូជាសម្រាប់អរព្រះគុណ។ គេត្រូវយកនំប៉័ងដែលមានមេមកថ្វាយ រួមជាមួយយញ្ញបូជាមេត្រីភាពសម្រាប់អរព្រះគុណដែរ។ ត្រូវរំលែកនំដែលគេយកមកថ្វាយ ក្នុងប្រភេទនីមួយៗយកនំមួយ ទុកសម្រាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីប្រោះឈាមសត្វ ថ្វាយជាយញ្ញបូជាមេត្រីភាព។ រីឯសាច់សត្វដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព សម្រាប់អរព្រះគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។ ប្រសិនបើយញ្ញបូជាដែលគេយកមកថ្វាយជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលថ្វាយជាយញ្ញបូជា នៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកដែរ។ ប៉ុន្តែ បើមានសាច់នៃយញ្ញបូជានេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។ នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានថ្វាយជាយញ្ញបូជាមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ ព្រះអម្ចាស់មិនព្រមទទួលយញ្ញបូជារបស់គេទេ ព្រោះជាយញ្ញបូជាឥតបានការ ហើយជាសាច់សៅហ្មង។ ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនបរិសុទ្ធ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះ ទើបអាចបរិភោគសាច់នៃយញ្ញបូជាបាន។ ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ត្រូវតែបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនបរិសុទ្ធ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើម រួចបរិភោគសាច់របស់យញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់ ក៏ត្រូវតែបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។ រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគឡើយ។ ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ ត្រូវបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្ដី មិនត្រូវបរិភោគឈាមរបស់សត្វចតុប្បាទ ឬសត្វស្លាបឡើយ។ អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។ គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។ បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និងកូនៗរបស់គាត់។ ត្រូវរំលែកភ្លៅស្ដាំរបស់សត្វដែលអ្នករាល់គ្នាថ្វាយជាយញ្ញបូជាមេត្រីភាពនោះ ជូនទៅបូជាចារ្យផងដែរ។ ភ្លៅស្ដាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និងឈាមនៅលើអាសនៈ។ យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និងភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ប្រគល់ឲ្យបូជាចារ្យអើរ៉ុន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។ នេះជាចំណែកនៃយញ្ញបូជាដែលត្រូវបានទៅលោកអើរ៉ុន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាបូជាចារ្យបម្រើព្រះអម្ចាស់។ ព្រះអម្ចាស់បង្គាប់ជនជាតិអ៊ីស្រាអែល ឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ។ នេះជាច្បាប់ដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលឡើយ»។ នេះជាក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ប្រគល់ក្រឹត្យវិន័យទាំងនេះមកលោកម៉ូសេនៅភ្នំស៊ីណៃ នាថ្ងៃដែលព្រះអង្គបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលយកតង្វាយមកថ្វាយព្រះអង្គ នៅវាលរហោស្ថានស៊ីណៃ។
លេវីវិន័យ 7:1-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជារបៀបដង្វាយ ដែលថ្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត គឺត្រូវសំឡាប់ដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា ហើយត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ នឹងខ្លាញ់ដែលរុំអាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ នឹងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង រួចត្រូវឲ្យសង្ឃដុតថ្វាយនៅលើអាសនា ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាដង្វាយសំរាប់ថ្វាយ ដោយព្រោះការរំលង អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត ឯដង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាដង្វាយលោះបាបដែរ មានរបៀបតែ១ សំរាប់ដង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានដង្វាយនោះឯង ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន ឯអស់ទាំងដង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។ នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា បើអ្នកណាថ្វាយដង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង នឹងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសំរាប់ជាដង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃដង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ ត្រូវយកនំ១ ពីរាល់តែដង្វាយយ៉ាងនោះ សំរាប់ជាដង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមដង្វាយមេត្រី ឯសាច់នៃយញ្ញបូជារបស់ដង្វាយមេត្រី ដែលសំរាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងទៅ បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាដង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទី៣ យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ ដង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម ឯអស់អ្នកណាដែលបរិភោគ នោះក៏នឹងត្រូវមានទោសដែរ។ ឯសាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតនឹងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាដង្វាយមេត្រីដែលជារបស់ផងព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន ហើយបើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្ដីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាដង្វាយមេត្រីរបស់ផងព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ឲ្យហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យឯងរាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវឲ្យបរិភោគឡើយ ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាដង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់ឯងរាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើង៤ក្តី អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន នឹងពួកកូនលោក ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន ដ្បិតអញបានញែកទ្រូងដែលគ្រវី នឹងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ នឹងពួកកូនលោក ទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ នេះហើយជាចំណែករបស់អើរ៉ុន នឹងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងដំណរបស់គេតរៀងទៅ។ ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយដង្វាយគេដល់ព្រះយេហូវ៉ា។