លេវីវិន័យ 6:8-13
លេវីវិន័យ 6:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។ សង្ឃត្រូវពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផេះដែលភ្លើងបានឆេះតង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន។ រួចដោះសម្លៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ផ្សេងទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកនែ្លងស្អាត។ ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកសង្ឃត្រូវដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង។ ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។
លេវីវិន័យ 6:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ: នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយដុតទាំងមូល*: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។ បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។ បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ*។ ត្រូវឲ្យភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវឲ្យរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។ ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។
លេវីវិន័យ 6:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរបង្គាប់ដល់អើរ៉ុននឹងពួកកូនលោកថា នោះជារបៀបដង្វាយដុត គឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះដង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន រួចដោះសំលៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។