លេវីវិន័យ 6:17-23
លេវីវិន័យ 6:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្តមួយខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹក ហើយពាក់កណ្ដាលក្នុងពេលល្ងាច។ ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព ត្រូវលាយឲ្យសព្វ ជាតង្វាយម្សៅដែលបានចម្អិនជាដុំៗ ហើយត្រូវថ្វាយទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះហើយដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះត្រូវដុតទៅទាំងអស់។ គ្រប់ទាំងតង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវបរិភោគឡើយ»។
លេវីវិន័យ 6:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។ មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅពេលអើរ៉ុន និងកូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្ដទម្ងន់មួយភាគដប់នៃអេផា*មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្ដាលថ្វាយពេលព្រឹក ហើយពាក់កណ្ដាលទៀតថ្វាយពេលល្ងាច។ ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។ កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។ នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។
លេវីវិន័យ 6:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា នេះជាដង្វាយដែលអើរ៉ុន នឹងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សំរាប់ដង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច ត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាដង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយដង្វាយនោះ នេះជាច្បាប់សំរាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯដង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។