លេវីវិន័យ 6:1-7

លេវីវិន័យ 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស​ដូច្នោះ។ ត្រូវ​យក​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សម្រាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង។ បន្ទាប់​មក សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ»។

ចែក​រំលែក
អាន លេវីវិន័យ 6

លេវីវិន័យ 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះ‌អម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ‌បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។ អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជា‌ចារ្យ សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា​លោះ​បាប។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់‌ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។

ចែក​រំលែក
អាន លេវីវិន័យ 6

លេវីវិន័យ 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ នឹង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​១​ភាគ​ក្នុង​៥​ផង ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស ដូច្នោះ​ហើយ រួច​ត្រូវ​យក​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 6