លេវីវិន័យ 6:1-30 - Compare All Versions
លេវីវិន័យ 6:1-30 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែមមួយភាគប្រាំ ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោសដូច្នោះ។ ត្រូវយកតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សម្រាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាតង្វាយដោយព្រោះការរំលង។ បន្ទាប់មក សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។ សង្ឃត្រូវពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផេះដែលភ្លើងបានឆេះតង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន។ រួចដោះសម្លៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ផ្សេងទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកនែ្លងស្អាត។ ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកសង្ឃត្រូវដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង។ ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។ នេះជារបៀបថ្វាយតង្វាយម្សៅ គឺពួកកូនលោកអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ។ ត្រូវយកម្សៅយ៉ាងម៉ដ្តមួយក្តាប់ជាមួយប្រេងខ្លះ និងកំញានដែលនៅលើតង្វាយម្សៅនោះដុតទាំងអស់ សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា។ ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានត្រសាលជំនុំ។ មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្តមួយខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹក ហើយពាក់កណ្ដាលក្នុងពេលល្ងាច។ ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព ត្រូវលាយឲ្យសព្វ ជាតង្វាយម្សៅដែលបានចម្អិនជាដុំៗ ហើយត្រូវថ្វាយទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះហើយដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះត្រូវដុតទៅទាំងអស់។ គ្រប់ទាំងតង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវបរិភោគឡើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។ សង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានត្រសាលជំនុំ។ អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមតង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះនៅត្រង់កន្លែងបរិសុទ្ធ។ ប៉ុន្តែ ថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញ។ ប្រុសៗទាំងអស់ក្នុងចំណោមពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត។ ប៉ុន្តែ តង្វាយលោះបាបដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតក្នុងភ្លើង ។
លេវីវិន័យ 6:1-30 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះអម្ចាស់ គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត មនុស្សប្រព្រឹត្តអំពើបាបបណ្ដាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។ អ្នកនោះក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។ បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន ទៅជូនបូជាចារ្យ សម្រាប់ថ្វាយព្រះអម្ចាស់ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ: នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយដុតទាំងមូល*: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។ បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។ បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ*។ ត្រូវឲ្យភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវឲ្យរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។ ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។ «នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយម្សៅ: កូនៗរបស់អើរ៉ុនត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។ បូជាចារ្យមួយរូបយកម្សៅម៉ដ្ដមួយក្ដាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈ ទុកជាទីរំឭក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំប៉័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។ មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។ មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅពេលអើរ៉ុន និងកូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្ដទម្ងន់មួយភាគដប់នៃអេផា*មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្ដាលថ្វាយពេលព្រឹក ហើយពាក់កណ្ដាលទៀតថ្វាយពេលល្ងាច។ ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។ កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។ នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ: នេះជាក្រឹត្យវិន័យ*ស្ដីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រោះជាតង្វាយដ៏វិសុទ្ធ*បំផុត។ បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។ អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។ ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងដី ក្រោយពីចម្អិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចម្អិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។ ក្នុងក្រុមគ្រួសាររបស់បូជាចារ្យមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។
លេវីវិន័យ 6:1-30 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ នឹងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោស ដូច្នោះហើយ រួចត្រូវយកដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាដង្វាយដោយព្រោះការរំលង ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរបង្គាប់ដល់អើរ៉ុននឹងពួកកូនលោកថា នោះជារបៀបដង្វាយដុត គឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះដង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន រួចដោះសំលៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។ នេះជារបៀបដង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ ត្រូវយកម្សៅយ៉ាងម៉ដ្ត១ក្តាប់ជាមួយនឹងប្រេងខ្លះ ហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់ សំរាប់ជាក្លិនឈ្ងុយ នៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា នេះជាដង្វាយដែលអើរ៉ុន នឹងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សំរាប់ដង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច ត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាដង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយដង្វាយនោះ នេះជាច្បាប់សំរាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯដង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់អើរ៉ុន នឹងពួកកូនលោកថា នេះជារបៀបដង្វាយដែលសំរាប់លោះបាប គឺត្រូវតែសំឡាប់ដង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ដង្វាយនោះជាបរិសុទ្ធបំផុត ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសំអាតក្នុងទឹកចេញ អស់ទាំងប្រុសៗក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត តែឯដង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។