លេវីវិន័យ 5:14-19

លេវីវិន័យ 5:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​តង្វាយ​ដែល​សម្រាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង។ ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។ បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។ នេះ​ហើយ​ជា​តង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ»។

ចែក​រំលែក
អាន លេវីវិន័យ 5

លេវីវិន័យ 5:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះអង្គ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទីសក្ការៈ។ ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជា‌ចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញ‌បូជា​លោះ​បាប ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គាត់។ ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន មក​ជូន​លោក​បូជា‌ចារ្យ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា សម្រាប់​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ នេះ​ជា​យញ្ញ‌បូជា​លោះ​បាប ដ្បិត​អ្នក​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន លេវីវិន័យ 5

លេវីវិន័យ 5:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​ដង្វាយ​ដែល​សំរាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ហើយ​ត្រូវ​សង​តាម​ដំឡៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។ បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ការ​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស នេះ​ហើយ​ជា​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 5