លេវីវិន័យ 4:1-35
លេវីវិន័យ 4:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង។ ប្រសិនបើសង្ឃដែលគេចាក់ប្រេងតាំងហើយ ធ្វើបាបជាហេតុនាំឲ្យប្រជាជនមានទោស ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះមកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ។ ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។ សង្ឃត្រូវយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ រួចជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់ប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ។ សង្ឃត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។ ឯខ្លាញ់គោដែលសម្រាប់ជាតង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង ដូចជាបានយកចេញពីគោដែលថ្វាយជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតរបស់ទាំងនោះ នៅលើអាសនាតង្វាយដុត។ ប៉ុន្តែ ស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង និងលាមក គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផេះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផេះនោះ។ ប្រសិនបើក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកក្រុមជំនុំ ដែលរំលងចំពោះបញ្ញត្តិណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យក្រុមជំនុំថ្វាយគោឈ្មោលស្ទាវមួយទុកជាតង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ។ ពួកចាស់ទុំក្នុងក្រុមជំនុំត្រូវដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ នោះត្រូវឲ្យសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ ហើយជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់ប្រាំពីរដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន។ រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។ ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា។ ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំងពីរ ហើយសង្ឃត្រូវថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចពីទោសហើយ។ បន្ទាប់មក សង្ឃត្រូវយកគោនោះទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាតង្វាយលោះបាបសម្រាប់ក្រុមជំនុំ។ បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាជាព្រះនៃខ្លួនបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ ប្រសិនបើអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោលមួយ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។ សង្ឃត្រូវយកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាតង្វាយដុតនោះ។ ខ្លាញ់ទាំងប៉ុន្មាន ត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចពីទោសហើយ។ បើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ ប្រសិនបើអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញីមួយដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត។ សង្ឃត្រូវយកឈាមដោយម្រាមដៃទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ ខ្លាញ់ទាំងប៉ុន្មានត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ ។ ប្រសិនបើអ្នកនោះយកចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញីមួយដែលល្អឥតខ្ចោះ ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។ សង្ឃត្រូវឲ្យម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ ខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវដុតនៅលើអាសនា តាមរបៀបតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចពីទោសហើយ»។
លេវីវិន័យ 4:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលព្រះអម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ: ប្រសិនបើមហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។ លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ លោកមហាបូជាចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះអម្ចាស់ រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការៈ។ លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកយកខ្លាញ់ទាំងអស់របស់គោឈ្មោល ដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក ពោលគឺគោទាំងមូលត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។ «ប្រសិនបើសហគមន៍អ៊ីស្រាអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាបនៅមុខពន្លាជួបព្រះអម្ចាស់។ អស់លោកព្រឹទ្ធាចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ លោកមហាបូជាចារ្យ*យកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។ លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។ លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។ បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាយញ្ញបូជារំដោះបាបរបស់សហគមន៍អ៊ីស្រាអែល»។ «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់គាត់ ដែលបណ្ដាលឲ្យខ្លួនមានទោស នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់។ គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។ លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។ ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ លោកពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។ ប្រសិនបើអ្នកនោះចង់ថ្វាយចៀមជាតង្វាយរំដោះបាប គេត្រូវថ្វាយចៀមញីល្អឥតខ្ចោះ។ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល ហើយលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ លោកពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
លេវីវិន័យ 4:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ ឯខ្លាញ់គោនោះដែលសំរាប់ជាដង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង នឹងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង ព្រមទាំងអង្គញ់ទាំង២ នឹងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង ដូចជាបានយកចេញពីគោដែលថ្វាយជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនាដង្វាយដុត ឯស្បែកគោនោះ នឹងសាច់ទាំងអស់ ព្រមទាំងក្បាល នឹងជើង អាការៈខាងក្នុង ហើយនឹងលាមក គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។ ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាដង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំ ដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ នោះត្រូវឲ្យសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ ហើយជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសំរាប់ជាដង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាដង្វាយលោះបាបសំរាប់ពួកជំនុំ។ បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសំរាប់ជាដង្វាយរបស់ខ្លួន រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប ត្រូវឲ្យសង្ឃយកឈាមនៃដង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាដង្វាយដុតនោះ ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។ ឬបើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សំរាប់ជាដង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ រួចដាក់ដៃលើក្បាលនៃដង្វាយលោះបាបនោះ ហើយសំឡាប់ត្រង់កន្លែងដង្វាយដុត នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។ តែបើសិនជាអ្នកនោះនាំចៀមមកថ្វាយ សំរាប់ជាដង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញី១ដែលឥតខ្ចោះមក ហើយដាក់ដៃលើក្បាលនៃដង្វាយនោះ រួចសំឡាប់ទុកជាដង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសំឡាប់សត្វសំរាប់ជាដង្វាយដុត ត្រូវឲ្យសង្ឃម្នាក់យកឈាមនៃដង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនា តាមរបៀបដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះអ្នកនោះនឹងរួចចាកទោសហើយ។