លេវីវិន័យ 26:1-26

លេវីវិន័យ 26:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​អ្នក ដើម្បី​ឱន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​អស់​ទាំង​ពេល​សប្ប័ទ​របស់​យើង ហើយ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា។ បើ​អ្នក​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។ ការ​បញ្ជាន់​ស្រូវ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត អ្នក​រាល់​គ្នា​នឹង​បាន​អាហារ​បរិ‌ភោគ​ជា​បរិបូរ ហើយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​ដោយ​សុខ‌សាន្ត។ យើង​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ​បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​អ្នក​ដែរ។ អ្នក​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​របស់​អ្នក។ ពួក​អ្នក​តែ​ប្រាំ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយរយ​នាក់ ហើយ​ពួក​អ្នក​មួយរយ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយ​ម៉ឺន​នាក់​ក៏​បាន អស់​ទាំង​ខ្មាំង​សត្រូវ​អ្នក​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​អ្នក។ យើង​នឹង​ជួយ​ទំនុក‌បម្រុង​អ្នក​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ចាស់​រហូត​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ។ យើង​នឹង​តាំង​ទី​លំ‌នៅ​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ឥត​ដែល​មាន​ស្អប់​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​ឡើយ។ យើង​នឹង​ដើរ​នៅ​កណ្ដាល​ពួក​អ្នក ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​យើង។ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ​ទៀត យើង​បាន​បំបាក់​កាំ​នឹម​របស់​អ្នក​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្តិ​របស់​យើង​ទាំង​នេះ ដោយ​មើល​ងាយ​ដល់​អស់​ទាំង​ច្បាប់​របស់​យើង ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​យើង មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​អ្នក​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង​ចេញ។ នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក​រាល់​គ្នា ជា​ជំងឺ​រីង‌រៃ និង​គ្រុន​ក្តៅ ដែល​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នាំ​ឲ្យ​មាន​ចិត្ត​វេទនា អ្នក​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រ‌យោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ។ យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​យើង​ទៀត នោះ​យើង​នឹង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។ យើង​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​អ្នក​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​អ្នក​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​អ្នក​ដូច​ជា​លង្ហិន។ អ្នក​រាល់​គ្នា​នឹង​អស់​កម្លាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​អ្នក​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​យើង​នឹង​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​វេទនា​ប្រាំពីរ​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​អ្នក។ យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្ដាល​ពួក​អ្នក សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​អ្នក​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​អ្នក​ផង និង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​អ្នក​ទៅ​ជា​សូន្យ​ស្ងាត់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ ដោយ​នៅ​តែ​ដើរ​ទទឹង​នឹង​យើង នោះ​យើង​នឹង​ដើរ​ទាស់​អ្នក​រាល់​គ្នា​ដែរ និង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។ យើង​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​ការ​សង‌សឹក​នៃ​សេចក្ដី​សញ្ញា​មក​លើ​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន ហើយ​យើង​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទៀត រួច​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។ កាល​ណា​យើង​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​អ្នក​រាល់​គ្នា​ចេញ នោះ​ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​អ្នក​នៅ​ក្នុង​ឡ​តែ​មួយ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​អ្នក​បរិ‌ភោគ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ ។

ចែក​រំលែក
អាន លេវីវិន័យ 26

លេវីវិន័យ 26:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ប័ទ​របស់​យើង ហើយ​គោរព​ទីសក្ការៈ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​ច្បាប់​របស់​យើង ហើយ​គោរព និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល។ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​ផ្ដល់​ផ្លែ​ដែរ។ អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំង‌បាយជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិ‌ភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​កម្ចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។ អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​មុខ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ​រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ច្រើន​ឡើង។ យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី*​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។ យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។ យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​នោះ​ទៀត​ឡើយ។ យើង​បាន​កាច់​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដោយ​ខ្ពស់​មុខ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​យើង ហើយ​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ទេ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ច្បាប់​របស់​យើង ហើយ​មិន​រវី‌រវល់​នឹង​វិន័យ​របស់​យើង គឺ​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​គ្រាំ‌គ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប​ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។ យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ‌ជម្នះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្ដី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ យើង​នឹង​បំបាក់​អំនួត ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង​ស្ងួត ធ្វើ​ឲ្យ​ដី​បែក​ក្រហែង។ អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្ដល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិច‌តួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​កែ​ខ្លួន​តាម​ការ​ប្រដៅ​របស់​យើង ហើយ​នៅ​តែ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​នៅ​តាម​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំប៉័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ។

ចែក​រំលែក
អាន លេវីវិន័យ 26

លេវីវិន័យ 26:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា។ បើ​ឯង​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ហើយ​ដី​នឹង​ចំរើន​ផល ឯ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចំការ នោះ​នឹង​បង្កើត​ផ្លែ​ដែរ ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា​នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ​បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​ឯង​ដែរ ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ​ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង អញ​នឹង​ជួយ​ទំនុក‌បំរុង​ឯង​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា​ដែរ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ អញ​នឹង​តាំង​ទី​លំនៅ​របស់​អញ​នៅ​កណ្តាល​ឯង​រាល់​គ្នា ឥត​ដែល​មាន​សេចក្ដី​ខ្ពើម​ដល់​ឯង​រាល់​គ្នា​ឡើយ អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ​ទៀត អញ​បាន​បំបាក់​កាំ​នឹម​របស់​ឯង​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។ តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​ដំរូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ នឹង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួត‌ត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង អញ​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។ បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា​នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។

ចែក​រំលែក
អាន លេវីវិន័យ 26