លេវីវិន័យ 26:1-12
លេវីវិន័យ 26:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាត្រូវរក្សាអស់ទាំងពេលសប្ប័ទរបស់យើង ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងជាព្រះយេហូវ៉ា។ បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។ ការបញ្ជាន់ស្រូវរបស់អ្នករាល់គ្នា នឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត អ្នករាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនៅក្នុងស្រុករបស់អ្នកដោយសុខសាន្ត។ យើងនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងដេកដោយឥតមានអ្នកណាមកបំភ័យឡើយ យើងនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកអ្នកដែរ។ អ្នករាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខរបស់អ្នក។ ពួកអ្នកតែប្រាំនាក់នឹងដេញគេដល់ទៅមួយរយនាក់ ហើយពួកអ្នកមួយរយនាក់នឹងដេញគេដល់ទៅមួយម៉ឺននាក់ក៏បាន អស់ទាំងខ្មាំងសត្រូវអ្នកនឹងដួលដោយដាវនៅមុខអ្នក។ យើងនឹងជួយទំនុកបម្រុងអ្នករាល់គ្នា ឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង ហើយយើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នាដែរ អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។ យើងនឹងតាំងទីលំនៅរបស់យើងនៅកណ្ដាលអ្នករាល់គ្នា ឥតដែលមានស្អប់ខ្ពើមដល់អ្នករាល់គ្នាឡើយ។ យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
លេវីវិន័យ 26:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជាព្រះអម្ចាស់។ ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។ អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។ យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកម្ចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។ អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។ យើងនឹងសម្តែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។ យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។
លេវីវិន័យ 26:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនត្រូវឲ្យឯងរាល់គ្នាធ្វើរូបព្រះ ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សំរាប់គោរពឡើយ ក៏មិនត្រូវឲ្យមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកឯង ដើម្បីនឹងឱនខ្លួនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងពេលឈប់សំរាករបស់អញ ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញជាព្រះយេហូវ៉ា។ បើឯងរាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តអញ ព្រមទាំងប្រព្រឹត្តតាម នោះអញនឹងបង្អុរភ្លៀងមកតាមរដូវកាល ហើយដីនឹងចំរើនផល ឯដើមឈើទាំងប៉ុន្មាននៅចំការ នោះនឹងបង្កើតផ្លែដែរ ការបញ្ជាន់ស្រូវរបស់ឯងរាល់គ្នានឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត ឯងរាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនឹងនៅក្នុងស្រុកឯងដោយសុខសាន្ត អញនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយ អញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ ឯងរាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខឯង ពួកឯងតែ៥នឹងដេញគេដល់ទៅ១០០នាក់ ហើយពួកឯង១០០នឹងដេញគេដល់ទៅ១ម៉ឺននាក់ក៏បានអស់ទាំងខ្មាំងសត្រូវឯង នឹងដួលដោយដាវ នៅមុខឯង អញនឹងជួយទំនុកបំរុងឯងរាល់គ្នា ឲ្យបានបង្កើតកូនចំរើនជាច្រើនឡើង ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នាដែរ ឯងរាល់គ្នានឹងបរិភោគផលចាស់ដរាបដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្ដីខ្ពើមដល់ឯងរាល់គ្នាឡើយ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ