លេវីវិន័យ 25:1-22
លេវីវិន័យ 25:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក នោះដីនៅស្រុកនោះត្រូវមានពេលឈប់សម្រាកថ្វាយព្រះយេហូវ៉ា គឺអ្នករាល់គ្នាត្រូវសាបព្រោះនៅស្រែអ្នក ហើយថែរក្សាចម្ការទំពាំងបាយជូររបស់អ្នកអស់ប្រាំមួយឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង។ ប៉ុន្តែ ដល់ឆ្នាំទីប្រាំពីរ នោះជាឆ្នាំសប្ប័ទ ឲ្យដីបានសម្រាកវិញ គឺជាឆ្នាំសប្ប័ទថ្វាយព្រះយេហូវ៉ា មិនត្រូវធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់អ្នកឡើយ។ ឯមួរស្រូវដែលដុះពីចម្រូតមុន នោះអ្នកមិនត្រូវច្រូតទេ ក៏មិនត្រូវបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សម្រាកសម្រាប់ស្រុកអ្នក។ ឆ្នាំសប្ប័ទនៅស្រុកអ្នកនឹងចម្រើនជាអាហារដល់អ្នក ដល់អ្នកបម្រើប្រុសស្រីរបស់អ្នក ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នក ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកអ្នកផង ផលចម្រើននោះនឹងបានសម្រាប់ជាអាហារ»។ «អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង ដើម្បីឲ្យបានគ្រប់សែសិបប្រាំបួនឆ្នាំ។ ពេលនោះ ត្រូវផ្លុំត្រែឲ្យឮរំពង នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ ដែលត្រូវនឹងថ្ងៃបុណ្យរំដោះបាប ត្រូវផ្លុំត្រែឲ្យឮពាសពេញក្នុងស្រុករបស់អ្នកទាំងមូល។ អ្នករាល់គ្នាត្រូវញែកឆ្នាំទីហាសិបនោះទុកជាបរិសុទ្ធ ហើយប្រកាសសេរីភាពដល់មនុស្សទាំងអស់នៅក្នុងស្រុក ឆ្នាំនោះជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងត្រឡប់ទៅនៅលើដីកម្មសិទ្ធិរបស់អ្នករាល់គ្នារៀងខ្លួន ហើយត្រឡប់ទៅជួបជុំញាតិសន្តានរបស់ខ្លួនវិញ។ ឆ្នាំទីហាសិបនោះនឹងបានជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា ក្នុងឆ្នាំនោះ អ្នកមិនត្រូវសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះ ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ។ ដ្បិតនោះជាឆ្នាំប្រោសលោះ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់អ្នករាល់គ្នា ហើយអ្នកនឹងបរិភោគផលពីស្រែចម្ការ។ នៅឆ្នាំប្រោសលោះ អ្នករាល់គ្នាត្រូវត្រឡប់ទៅនៅដីរបស់អ្នករៀងខ្លួន។ បើកាលណាអ្នកលក់របស់អ្វីឲ្យអ្នកជិតខាងអ្នក ឬទិញអ្វីពីអ្នកជិតខាងអ្នកមក នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ។ ត្រូវឲ្យទិញពីអ្នកជិតខាងអ្នក រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យអ្នក ដោយរាប់តាមចំនួនរដូវចម្រូតដែរ។ បើនៅមានច្រើនឆ្នាំទៅទៀត នោះអ្នកត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចម្រូតទេដែលគេលក់ឲ្យអ្នក អ្នករាល់គ្នាមិនត្រូវបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះរបស់អ្នកវិញ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់យើង ហើយរក្សាសេចក្ដីបញ្ញត្តិរបស់យើងទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត ហើយស្រុកនឹងបង្កើតផលឲ្យអ្នករាល់គ្នាបានបរិភោគឆ្អែត អ្នករាល់គ្នានឹងបាននៅដោយសុខសាន្ត។ បើអ្នករាល់គ្នាសួរថា មើល៍ ក្នុងឆ្នាំទីប្រាំពីរនេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ? នោះគឺយើងនឹងផ្តល់ពររបស់យើងដល់អ្នករាល់គ្នានៅឆ្នាំទីប្រាំមួយ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់បីឆ្នាំវិញ រួចដល់ឆ្នាំទីប្រាំបី អ្នករាល់គ្នាត្រូវសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ អ្នករាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
លេវីវិន័យ 25:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាហើយ រៀងរាល់ប្រាំពីរឆ្នាំ ចូរទុកដីឲ្យនៅទំនេរមួយឆ្នាំ ដែលជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះនៅក្នុងស្រែចម្ការរបស់អ្នក ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចថែទាំចម្ការទំពាំងបាយជូរ និងបេះយកផ្លែបាន។ ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពាំងបាយជូរដែរ។ អ្នកមិនត្រូវច្រូតយកផលពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចម្រូតមុន ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរពីដើមដែលអ្នកទុកចោលនោះដែរ ព្រោះជាឆ្នាំដែលត្រូវទុកឲ្យដីនៅទំនេរទាំងស្រុង។ ទោះបីដីទំនេរនៅឆ្នាំសប្ប័ទនោះក៏ដោយ ក៏នៅតែផ្ដល់អាហារគ្រប់គ្រាន់ដល់អ្នក និងអ្នកបម្រើប្រុសស្រីរបស់អ្នក ព្រមទាំងកូនឈ្នួល និងមនុស្សដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នក។ រីឯសត្វពាហនៈ និងសត្វព្រៃនៅក្នុងស្រុករបស់អ្នក ក៏ទទួលភោគផលពីដីជាចំណីដែរ»។ «ចូររាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង សរុបទាំងអស់សែសិបប្រាំបួនឆ្នាំ។ នៅខែទីប្រាំពីរ ថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។ ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។ នៅឆ្នាំមេត្តាករុណា អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។ ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វី ពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។ ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីឆ្នាំមេត្តាករុណាទៅ ហើយគេត្រូវលក់ឲ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំ ដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។ ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា កេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្ដីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរប្រតិបត្តិតាមច្បាប់របស់យើង ចូរធ្វើតាមវិន័យរបស់យើង នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ ដីនឹងផ្ដល់ភោគផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ ប្រសិនបើអ្នករាល់គ្នាពោលថា “នៅឆ្នាំទីប្រាំពីរ តើពួកយើងនឹងបានអ្វីបរិភោគ បើពួកយើងមិនសាបព្រោះ មិនច្រូតកាត់ដូច្នេះ!”។ នៅឆ្នាំទីប្រាំមួយ យើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។ អ្នករាល់គ្នាសាបព្រោះសាជាថ្មី នៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុន រហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
លេវីវិន័យ 25:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នា ចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង នោះដីនៅស្រុកនោះត្រូវមានពេលឈប់សំរាកថ្វាយព្រះយេហូវ៉ា គឺត្រូវឲ្យឯងរាល់គ្នាសាបព្រោះនៅស្រែឯង ហើយថែរក្សាចំការទំពាំងបាយជូររបស់ឯងអស់៦ឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសំរាកវិញ គឺជាឆ្នាំឈប់សំរាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ ឯមួរស្រូវដែលដុះឯងពីចំរូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សំរាកសំរាប់ស្រុកឯង ឆ្នាំសំរាកនៃស្រុកឯងនឹងចំរើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល នឹងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ព្រមទាំងហ្វូងសត្វ នឹងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចំរើននោះនឹងបានសំរាប់ជាអាហារ។ ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។ នៅឆ្នាំសោមនស្ស ត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅនៅឯដីរបស់ឯងរៀងខ្លួន បើកាលណាឯងលក់របស់អ្វីឲ្យអ្នកជិតខាងឯង ឬទិញអ្វីពីអ្នកជិតខាងឯងមកឯង នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ ត្រូវឲ្យទិញពីអ្នកជិតខាងឯង រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យឯង ដោយរាប់តាមចំនួនរដូវចំរូតដែរ បើនៅមានច្រើនឆ្នាំទៅទៀត នោះឯងត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចំរូតទេដែលគេលក់ឲ្យឯង មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។